រាជធានីភ្នំពេញ ៖ រណ្តៅដីដ៍ធំមហាសាលមួយជាស្នាដៃដ៏ល្បីល្បាញ របស់លោកឧកញ៉ា ញឹក ផ នហៅតាកៅ កំពុងតែជីកលុងដល់ក្បាលប្រេតលើផ្ទៃបឹងតាមោក លាតសន្ធឹងរាប់រយហិកតា ដែលការជីកជ្រៅបែបនេះហាក់ដូចជាគ្មានគម្រោងច្បាស់លាស់ណាមួយទេ ព្រោះតែការចង់បានអាចម៍ដីពីដីសាធារណៈរបស់រដ្ឋ ។ សកម្មភាពនេះមហាជនវាយតម្លៃថាវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញនៅពេលអនាគត ។ ម្យ៉ាងទៀត គេពុំដឹងឱ្យប្រាកដថាតើរណ្តៅដីនោះមានច្បាប់អនុញ្ញតកម្រិតណានោះឡើយ? បានជាវាតទីដីបឹងតាមោកជីកម៉ាសេរីដឹកយកដីលក់ចាក់លុបបឹងតាមោកនិងលុបតំបន់នានានៃភាគខាងជើងរាជធានីភ្នំពេញ។
បើយើងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ) ខាងលិចស្ពានព្រែកព្នៅ យើងនឹងឃើញរណ្តៅដីដ៏ធំមហាសាលមួយដែលជីកហួសក្បាលប្រេតនោះ លាតសន្ធឹងលើផ្ទៃបឹងតាមោក ដែលជាដីរបស់រដ្ឋក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគេឱ្យដឹងថា មានម្ចាស់ជាអ្នកមានឥទ្ធពលម្នាក់ដែលស្និទស្នាលនឹងអភិបាលរាជធានីភ្នំពេញគ្រប់ជំនាន់ដែលមន្ត្រីខណ្ឌខ្លះនិយាយបែបលេងសើចថាតាកៅជាន់ម្តងៗផ្អៀងសាលាក្រុងចំណែកខណ្ឌឯណាហ៊ានជាមួយគាត់នោះ។
តាមព័ត៌មានឱ្យដឹងថា រណ្តៅនេះបានដំណើរកាលជីកកកាយយកដីរយៈពេលប្រមាណ៥ទៅ៦ឆ្នាំមកហើយដោយកាយដីលុបផ្ទៃទឹកបឹងវាតទីជីកយកដី ។នៅក្នុងការជីកនោះ មុនដំបូង ត្រូវគេអះអាងថាក្រោមច្បាប់អនុញ្ញាតដើម្បីជីកយកដីទៅចាក់លុបអភិវឌ្ឍនដីលោកឧកញ៉ា លី យ៉ុងផាត់ ដែលស្ថិតនៅខាងកើតស្ពានព្រែកព្នៅតែតាកៅ បានជីកយកទៅលក់ចាក់នៅតំបន់នានានៅក្បែរនោះ ។ លុះក្រោយមករដ្ឋាភិបាលក៏បានប្រគល់ដីបឹងតាមោកទៅឱ្យក្រុមហ៊ុនឯកជន និងអង្គភាពរដ្ឋអភិវឌ្ឍបានធ្វើឱ្យអាជីវកម្មជីកដីរបស់តាកៅកាន់តែកាក់កបដោយជីកដីលុបដីបឹងមានជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រ(ហួសក្បាលប្រេត)ដែលរណ្តៅនោះ មានទំហំប្រមាណ៤០០ហិកតាលាតសន្ធឹងតាមមហាវិថីឈ្នះឈ្នះប្រមាណ២គ.មនិងចូលទៅផ្ទៃបឹងប្រមាណ២គីឡូម៉ែត្រ (នេះបើតាមការវាស់កុងទ័រម៉ូតូ) ។
ជុំវិញការវាតទីជីកដីបឹង ដែលមានជម្រៅជ្រៅនេះគេពុំដឹងថា លោកឧកញ៉ា ញឹក ផន ហៅតាកៅ ទទួលសិទ្ធិបានដីបឹងប៉ុន្មានហិកតាពីរាជរដ្ឋាភិបាលនៅពេលណាឡើយដើម្បីជីក? ចំណែកការជីកលុងដល់ក្បាលប្រេតទៀតសោតមិនដឹងថាមានច្បាប់ឯណាឱ្យជីកជ្រៅបែបនោះទេ ? ម្យ៉ាងទៀតរណ្តៅជ្រៅបែបនេះតាមមន្ត្រីជំនាញមន្ទីររៀបចំដែនដីនិយាយថាវានឹងអាចប៉ះពាល់ផែនការអភិវឌ្ឍរាជធានីភ្នំពេញទៅថ្ងៃអនាគត ។ បើសិនការជីកនោះគ្មានគម្រោងផែនការច្បាស់លាស់ថាទីតាំងនោះត្រូវធ្វើអ្វីមិនមែនចេះតែជីកលុបៗនោះទេ។
បើតាមព័ត៌មានដែលបង្ហើបឱ្យដឹងថា បានជាតាកៅមានសំណាងបែបនេះដោយសារតែលោកមានខ្នងបង្អែកសែនរឹងមាំតាំងពីលោកជីកនៅក្នុងភូមិព្រែករាំងសង្កាត់ឃ្មួញកាលពីនៅក្នុងខណ្ឌឫស្សីកែវកំឡុងឆ្នាំ២០០០ជាងមកម្ល៉េះ ។ តាកៅត្រូវគេដឹងថា ជាអ្នកស្និទ្ធគ្រប់អភិបាលរាជធានីទាំងមុននិងក្រោយគឺស្និទ្ធបំផុត។
គួរបញ្ជាក់ថា លោកឧកញ៉ា ញឹក ផន ហៅតាកៅមានរណ្តៅដីដ៏ធំមហាសាលមួយទៀត នៅខាងត្បូងមហាវិថីឈ្នះឈ្នះក្នុងភូមិត្រពាំងរាំងចាស់សង្កាត់ឃ្មួញដែលបច្ចុប្បន្នក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ ។ រណ្តៅដីនោះ បានជីកដល់ក្បាលប្រេតដូចគ្នានឹងរណ្តៅដីបឹងតាមោក ។ ដែលកាលកំឡុង២០ឆ្នាំមុន រណ្តៅដីនោះបានលាតសន្ធឹងលើផ្ទៃដីប្រមាណជិត១០០ហិកតា ។ ក្រោយមករណ្តៅដីនោះបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកជិតខាងនៅពេលដែលទឹកភ្លៀងច្រោះបាក់ដីហើយប្រជាពលរដ្ឋក៏ធ្លាប់ផ្ទុះការតវ៉ា ។ បច្ចុប្បន្ននេះរណ្តៅដីនោះបានក្លាយជាបឹងក៏ធំមួយដែលមានជម្រៅយ៉ាងជ្រៅហើយថ្មីៗនេះលោកឧកញ៉ាផឹកផនហៅតាកៅក៏បានលក់ទៅឱ្យក្រុមហ៊ុនបុរីដ៍ធំមួយធ្វើរបងព័ទ្ធជុំវិញនិងកំពុងតែដឹកដីពីរណ្តៅដីបឹងតាមោកមកចាក់ដីលុបបណ្តើរៗហើយ ។ ទោះបីជាយ៉ាងណាយើងខ្ញុំពុំទទួលបានការបំភ្លឺណាមួយពីរដ្ឋបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាញឹកផននៅឡើយទេនៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២២នេះដោយមិនមានលេខទូរស័ព្ទទាក់ទង៕