(ខេត្តឧត្តរមានជ័យ) បើទោះបីជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចេញបញ្ជាអោយស្ថាប័ននិងក្រសួងពាក់ព័ន្ធចុះស្រាវជ្រៀវវែងមុខជនខិលខូចដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជាសម្បត្តិសាធារណៈកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅថ្មីៗហើយវិធានការក្តៅនេះត្រូវបានអនុវត្តនិងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធយកមកចាត់ការតាមផ្លូវច្បាប់អ្នកខ្លះក៏បានប្រគល់ដីជូនរដ្ឋវិញហើយអ្នកទៀតក៏កំពុងលាក់បាំងមិនព្រមចូលសារភាពនៅឡើង។
ទន្ទឹមនិងរឿងរ៉ាវរំលោភយករដ្ឋខាងលើនេះយើងក្រឡេកមកមើលផ្ទៃដីអាងទឹកអូរជីកវិញម្តងដែលស្ថិតនៅចំណុចលាវស្រាតភូមិតាដេវឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។បច្ចុប្បន្នត្រូវបានក្រុមអ្នកមានលុយប្រម៉ូលទិញលក់យ៉ាងអនាធិបតេយ្យរឺឯអាជ្ញាធរស្រុកខេត្តហាក់ដូចនៅស្ងៀមស្ងាត់មិនទាន់វិធាននៅឡើយ។
ក្រុមឈ្មួញដែលប្រម៉ូលដីអាងទឹកអូរជីកដែលជាសម្បត្តិរដ្ឋដើម្បីមកធ្វើកម្មសិទ្ធបុគ្គលខ្លួននោះត្រូវបានគេស្គាល់ឈ្មោះបញ្ញាដែលគេល្បីថាជាអ្នកទ្រព្យស្តុកស្តម្ភនិងមានងារឧកញ៉ារស់នៅខេត្តសៀមរាប។
បើយោងតាមសេចក្តីរាយការណ៍បានអោយដឹងថាមេឈ្មួញខាងលើបានបង្កើតសេនារីយោអោយមានការប្រម៉ូលទិញដីអាងទឹកអូរជីកដោយអោយលន់តុងលេងធ្វើជាមេការក្នុងការទិញលក់និងប្រើប្រាស់រូបភាពទិញដីអាស្រ័យផលពីពលរដ្ឋចំណែកលោកណុតជិនមេភូមិតាដេវចាំចេញលិខិតទទួលស្គាល់ដីទិញលក់នោះជាដីពលរដ្ឋអាស្រ័យផលជាក់ស្តែងដោយទទួលបានតម្លៃជើងសារក្នុងមួយហិចតាលុយ៥០ដុល្លាជាថ្នូរលើការចេញលិខិតទទួលស្គាល់។
ជុំវិញករណីខាងលើលោកណុនជិនមេភូមិតាដេវបានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី១៤ខែមីនា២០២២នេះថាដីខាងលើពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៩៩មកម្លេះចំពោះការទិញលក់លោកក៏ដឹងដែរមានចំនួនជាង៤០ហិចតាតែមិនបានចេញប្លង់អោយទេគ្រាន់តែបញ្ជាក់ប្រវត្តិដីរីឯរឿងយកលុយ៥០ដុល្លាក្នុងមួយហិចតានោះមិនពិតទេ។
ចំណែកលោកហោជិនវរះយុទ្ធអភិបាលស្រុកអន្លង់វែងថាចំពោះករណីនេះលោកអត់ទាន់ដឹងទេ។
ដោយឡែកលោកញើនគួនប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យបានបញ្ជាក់ថាលោកមិនដឹងទេថាតើដីនៅទីតាំងនោះស្ថិតក្នុងអាងទឹកអូរជីកដែររឺយ៉ាងណាទេចាំលោកយកផែនទីទៅផ្ទៀងផ្ទាត់សិនទើបដឹងច្បាស់ ៕