ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបាន ស្នើសុំដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍ដល់រដ្ឋបាលខេត្តកំពត និងក្រសួងពាក់ព័ន្ធដែលកន្លងមក មន្ត្រីក្រុមការងារចំរុះបានចុះស្រង់ទិន្នន័យក្បាលដីប្រជាពលរដ្ឋតាមភូមិសាស្ត្រនៅតំបន់ជើងភ្នំបូកគោជាច្រើនគ្រួសារក្នុងខេត្តកំពត។ ក្នុងនោះរួមមានស្រុកទឹកឈូ ស្រុកឈូកនិងក្រុងបូកគោខេត្តកំពត។ ជាពិសេសប្រជាពលរដ្ឋដែលមានដីធ្លីអាស្រ័យផលជាក់ស្ដែងដែលស្ថិតនៅចំណុចជើងភ្នំបូកគោត្រង់ចំណុចតំបន់វាលពួចដែលស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ (អតីតភូមិទទឹងថ្ងៃឃុំបឹងទូកស្រុកទឹកឈូខេត្តកំពត) កាលពីថ្ងៃទី១ខែធ្នូឆ្នាំ ២០២២ នេះបានប្រមូលផ្ដុំគ្នានិងស្នើសុំដល់សម្ដេចតេជោហ៊ុនសែឱ្យជួយអន្តរាគមន៍មករដ្ឋបាលខេត្តកំពត
ឱ្យគោរពគោលការណ៍កាត់ឈ្វៀលដីចំការដែលស្ថិតនៅតំបន់ការពារធម្មជាតិជើងភ្នំបូកគោខាងលើដោយកន្លងមកគណៈកម្មការចំរុះក្នុងរដ្ឋបាលខេត្តកំពតកាលពីសម័យឯកឧត្តមជាវតាយនៅជាចៅហ្វាយខេត្តកំពត។បានចុះស្រង់ទិន្នន័យក្បាលដីអាស្រ័យផលជាក់ស្ដែងដើម្បីឈានទៅរកការកាត់ឈ្វៀលនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតែរហូតមកដល់ពេលនេះហើយរដ្ឋបាលខេត្តដូចមិនមានចំណាត់ការលើក្បាលដីអាស្រ័យផលជាក់ស្ដែងជូនប្រជាពលរដ្ឋតាមចំណារចុះថ្ងៃទី២ខែមិថុនាឆ្នាំ២០២២របស់សម្ដេចតេជោឡើយ។
ក្នុងនោះដែរលោកយាយឈ្មោះ អ៊ូច នាវ និងលោក ស វ៉ាន់ថា ដែលមានដីអាស្រ័យផលជាក់ស្ដែងស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត បានឱ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា ÷ ពួកគាត់បានអាស្រ័យផលលើដីនេះតាំងពីរឆ្នាំ ១៩៩៣មកម្ល៉េះ ជាក់ស្ដែងមានដំណាំស្វាយ និងធុរេនរបស់ពួកគាត់បានដាំរយៈពេល ៣០ឆ្នាំមកហើយតែមិនបានទទួលប័ណ្ណកម្មសិទ្ធិនៅឡើយទេ ។
កន្លងមកនៅអំឡុងឆ្នាំ ២០២០ គណៈកម្មការចំរុះរបស់រដ្ឋបាលឯកឧត្តមជាវ តាយ ចៅហ្វាយខេត្តចាស់ បានចុះទៅ ប្រមូលទិន្នន័យពិនិត្យនឹងវាស់វែងជាក់ស្ដែងលើក្បាលដីប្រជាពលរដ្ឋដែលអាស្រ័យផលនឹងបានធ្វើរបាយការណ៍ដើម្បីបញ្ជូនទៅថ្នាក់លើ។និងឈានទៅរកការកាត់ឈ្វៀលចេញប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋ ។ តែជាអកុសលឯកឧត្តមជាវ តាយ ត្រូវបានផ្លាស់ប្ដូរទៅទៅកាន់ខេត្តពោធិ៍សាត់ដោយជំនួសមកវិញ ដោយឯកឧត្ត ម៉ៅ ធនិន ចៅហ្វាយខេត្តកំពតថ្មី។ប្រជាពលរដ្ឋដែលមានដីចំការអាស្រ័យផលខាងលើ សង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តទើបមកកាន់តំណែងថ្មីធ្វើការដោះស្រាយនិងចេញបានកម្មសិទ្ធិចែកជូនពួកគាត់ផ្អែកទៅលើគោលការណ៍ចាស់របស់រដ្ឋបាលខេត្តកំពតនាពេលកន្លងទៅ។តែអ្វីដែលគួរឲ្យហួសចិត្តនោះស្រាប់តែថ្មីៗនេះលេចឮថាថបច្ចុប្បន្នដីរបស់ពួកគាត់ត្រូវបានរដ្ឋបាលខេត្តកំពត ធ្វើការចុះបញ្ជីនិងគ្រោងចេញប័ណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុនទៅវិញលើទីតាំងដីដែលរបស់ពួកគាត់។
ជាចុងក្រោយ ក្រុមប្រជាពលរដ្ឋដែលមានដីអាស្រ័យផលខាងលើបានសំណូមពរដល់សម្ដេចតេជោហ៊ុនសែនដែលជាបិតាសន្តិភាពឱ្យជួយពួកគាត់ផង ព្រោះពួកគាត់មិនដឹងថា ទៅទីពឹងអ្នកណាឡើយក្រៅពីសម្ដេចព្រោះថាកន្លងមកសម្ដេចតែងតែយល់ចិត្តទុកដាក់ដល់ប្រជាជនទូរទៅប្រកបដោយព្រហ្មវិហារធម៌ផងដែរ។
ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកអ៊ឹងឆាយអ្នកនាំពាក្យសាលាខេត្តកំពតបានទេនៅព្រឹកថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២២នេះដោយទូរសព្ទខលចូលតាមប្រព័ន្ធតេឡេក្រាមតែមិនមានអ្នកទទួល។ ៕