ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន 4នាក់ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនវាយខ្នោះ និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីក្នុងករណីចូលទៅអុកឡុកក្រុមហ៊ុន រំលោភលើលំនៅឋាន និងកំហែងទារប្រាក់ ដែលស្ថិតនៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្រុមជនសង្ស័យខាងលើត្រូវបានគេស្គាល់ទី១ ឈ្មោះ គឹម ថុងងួន ភេទប្រុស រស់នៅខេត្តបាត់ដំបងទី 2 ឈ្មោះឯមសុវិសេតភេទប្រុសរស់នៅខេត្តបាត់ដំបងគឺជាមុខសញ្ញាចាស់ទី 3 ឈ្មោះ សំ សីហា ភេទប្រុសរស់នៅខេត្តកំពង់ឆ្នាំង ប្រើប្រាស់កាតព័ត៌មានក្លែងក្លាយចំណែកទី 4 ក្រុមការងារយើងពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្នុងចំណោមពួកគេទាំងបួននាក់ ក្នុងនោះ មានម្នាក់ឈ្មោះ ឯម សុវិសេត រហស្សនាមកូនភ្លោះ គឺជាមុខសញ្ញាចាស់ដែលតែងតែជ្រកក្រោមស្លាកអ្នកកាសែត និងបន្លំខ្លួនធ្វើជាសមត្ថកិច្ចស្ថាប័នផ្សេងៗ ដើម្បីជម្រិតទារលុយប្រជាពលរដ្ឋ ហើយជននេះទើបតែចេញពីពន្ធនាគារខេត្តបាត់ដំបងថ្មីៗផងដែរ។
ប្រភពពីរខេត្តមណ្ឌលគិរីបានឲ្យដឹងថានៅថ្ងៃកើតហេតុថ្ងៃទី 22 ខែតុលាឆ្នាំ2023 ក្រុមជនសង្ស័យខាងលើបានចូលទៅធ្វើសកម្មភាពអុកឡុកនៅក្រុមហ៊ុនមួយកន្លែងដែលស្ថិតនៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានដើរតួនាទីជាអ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ អង្គការគ្រប់គ្រងធនធានធម្មជាតិ ។ ដោយទង្វើរំលោភទៅលើលំនៅដ្ឋានក្រុមហ៊ុននិងកំហែងទារប្រាក់ចំនួន 800 ដុល្លារ ។ ទើបខាងក្រុមហ៊ុនសុំអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួនតែម្ដង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
គួររំលឹកថា បុគ្គលឈ្មោះ ឯម សុវិសេតរហស្សនាមកូនភ្លោះ គឺជាមុខសញ្ញាដុះស្លែ ដើរតែងតែក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចផ្សេងៗ ដើម្បីជម្រិតទាប្រាក់ក្រុមប្រជាពលរដ្ឋដូចកាលនៅអំឡុងឆ្នាំ 2022 ឈ្មោះ ឯម សុវិសេត និងឈ្មោះ ឯម សុវិសាល រហស្សនាមបងប្អូនភ្លោះបានបន្លំខ្លួនធ្វើជាប៉ូលីសសេដ្ឋកិច្ច និងទៅជម្រិតទារលុយថៅកែការាស់សាំងមួយកន្លែង នៅខេត្តពោធិ៍សាត់ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់មកនៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2023 បុគ្គលឈ្មោះ ឯម សុវិសេត និង ឯម សុវិសាល ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្ដឹងពីពលរដ្ឋម្នាក់ធ្វើសិប្បកម្មរឿងជម្រិតទារប្រាក់ និងបញ្ជូនទៅតុលាការដាក់ពន្ធនាគារបានមួយរយៈ ក៏ស្រាប់តែឃើញជននោះមានសេរីភាពនៅក្រៅឃុំវិញ ។ រហូតដល់ថ្ងៃទី 22 ខែតុលាឆ្នាំ 2023 ស្រាប់តែជនសង្ស័យរូបនេះទៅធ្វើសកម្មភាពនៅខេត្តមណ្ឌលគិរី ។ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានសារជាថ្មីទៀត ករណីកំហែងយកប្រាក់និងរំលោភលើលំនៅដ្ឋាន ។
ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីដែលបានចាត់ការទាន់ពេលវេលា និងបង្ក្រាបជនខាងលើនិងសូមស្នើទៅតំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរីធ្វើការចោទប្រកាន់និងផ្ដន្ទាទោសជនទាំងនេះទៅតាមផ្លូវច្បាប់កុំមានការបន្ធូរបន្ថយឡើយដើម្បីចូលរួមចំណែកសុខសន្តិភាពនិងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋផងដែរ។
ជុំវិញករណីខាងលើក្រុមការងារយើងពុំទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងការចាប់ឃាត់ខ្លួនជនសង្ស័យទាំងបួនរូបខាងលើនោះបានឡើយ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង ។ ចំណែកជនជាប់ចោទទាំងបួនរូបខាងលើ ក្រុមការងារយើងក៏ពុំអាចសុំការបំភ្លឺបានដែរនៅព្រឹកថ្ងៃទី 25 ខែតុលាឆ្នាំ 2023នេះ ។
រីឯលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចោទពីបទរំលោភលើនៅឋាន និងកំហែងយកប្រាក់ហើយបច្ចុប្បន្នជនទាំងនេះត្រូវបានបញ្ជូនទៅតុលាការហើយ ៕