(ខេត្តកំពត) ៖ បើទោះបីជាសម្តេចតេជោអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្នធ្លាប់ព្រមានចាត់ការចំពោះអ្នកឃុបឃិតគ្នារំលោភយកដីរដ្ឋនិងបានចេញបញ្ជាអោយស្ថាប័ននិងក្រសួងពាក់ព័ន្ធចុះស្រាវជ្រៀវវែងមុខជនខិលខូចដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជាសម្បត្តិសាធារណៈកាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅនេះថ្មីៗ ហើយវិធានការក្តៅនេះត្រូវបានអនុវត្តនិងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធយកមកចាត់ការតាមផ្លូវច្បាប់អ្នកខ្លះ ក៏បានប្រគល់ដីជូនរដ្ឋវិញហើយអ្នកទៀតក៏កំពុងលាក់បាំងមិនព្រមចូលសារភាពនៅឡើង។
ទន្ទឹមនិងរឿងរ៉ាវរំលោភយកដីរដ្ឋខាងលើនេះដែរ យើងក្រឡេកមកមើលដីសហគមន៍ព្រែកត្នោតដែលជាដែនជម្រកជីវចម្រុះនៃធនធានធម្មជាតិនិងជាឆ្នាំងបាយរបស់ពលរដ្ឋក្នុងសហគមន៍ខាងលើ ដែលស្ថិតនៅចំណុចសហគមន៍ព្រែកត្នោតភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតឯណេះវិញ បច្ចុប្បន្នត្រូវបានក្រុមអ្នកមានលុយនិងមានអំណាចឃុបឃិតជាប្រព័ន្ធ ទន្ទ្រានកាន់កាប់និងសាងសង់សំណង់រឹងមាំឈរបង្អួតរាងយ៉ាងសង្ហាមិនខ្វល់ពីផលបះពាល់ព្រៃសហគមន៍ជីវចម្រុះខាងលើនេះឡើយ រឺឯប្រធានសហគមន៍និង អាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរពាក់ព័ន្ធ ចាប់ពីក្រុងរហូតដល់ ថ្នាក់ខេត្ត ហាក់ជានៅរក្សាភាពស្ងៀមស្ងាត់ មិនទាន់មានវិធានការនៅឡើយហាក់បីដូចជាមិនធ្លាប់បានស្ដាប់ការព្រមានក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីកម្ពុជា ។
គួសបញ្ជាក់ផងដែរថា ករណីមានអ្នកមានលុយ មានអំណាច រំលោភយកដីព្រៃក្នុងដែនសហគមន៍ខាងលើនេះដែរ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកត្នោត ក៏ដូចជាប្រជាពលរដ្ខជនរួមជាតិខ្មែរទូទាំងប្រទេសនៅចាំមិនភ្លេចនៅឡើយទេរាល់ប្រសាសន៍របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្នធ្លាប់ព្រមានដល់ក្រុមមន្ត្រីនិងជនជាប់ពាក់ព័ន្ធដែលតែងតែរំលោភយកដីរាស្ត្រនិងលួចកកាប់ទន្ទ្រានយកដីរដ្ឋមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះ ពួកគេនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរហើយអាចនឹងបណ្ដេញចេញពីគណបក្សទៀតផង ប្រសិនបើអាជ្ញាធរជាតិរកឃើញពិតប្រាកដមែននោះ។
ហើយការព្រមាននេះបានធ្វើឡើងនៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2021 នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ។
ដោយឡែកប្រភពប្រជាពលរដ្ឋក្នុងសហគមន៍បានលួចបង្ហើបអោយដឹងថា ក្រុមឈ្មួញដែលទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ព្រែកត្នោតដែលជាសម្បត្តិរដ្ឋ ដើម្បីយកមកធ្វើកម្មសិទ្ធបុគ្គលខ្លួនឯងនោះសុទ្ធសឹងតែជាអ្នកមានលុយនិងមានអំណាចរស់នៅរាជធានីភ្នំពេញហើយគេល្បីថា គឺជាមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀតផង។
សេចក្តីរាយការណ៍ដ៏ដែលនេះ បានអោយដឹងថាមេក្លោងដែលទន្ទ្រានដីរដ្ឋខាងលើបានឱ្យបុរសម្នាក់ឈ្មោះកែវ សុខជា អ្នកមើលការខុសត្រូវក្នុងការសាងសង់សំណង់រឹងនិងបូមខ្សាច់ចាក់ចូលដីល្បាប់ម៉ាត់ឆ្នេរព្រៃសហគមន៍ថែមទៀត ដើម្បីសាងសង់សំណង់រឹងដោយមិនខ្លាចញញើត ការព្រមានរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយឬមួយក្រុមទាំងនោះមានអ្នកមានអំណាចនៅក្រសួងណាមួយចាំប្រើបាទដៃព្រះយូឡាយបិទបាំងព្រះអាទិត្យ ជួយការពារក្រែងមានឧបសគ្គមករារាំង ឬក៏រំខានដល់ការងាររបស់ខ្លួនខាងលើឬយ៉ាងណា។
ជុំវិញករណីរំលោភទន្ទានដីព្រៃសហគមន៍ព្រែកត្នោតនេះដែរ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានខលទូរសព្ទទៅកាន់ឈ្មោះកែវ សុខជា ដែលជាមេការគ្រប់គ្រងសំណង់ខាងដើម្បីសុំការបកស្រាយនៅព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ក៏ប៉ុន្តែត្រូវបានលោកបដិសេធថាច្រឡំមនុស្សហើយ។
រីឯលោកអ៑ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍ព្រែកត្នោតយើងមិនអាចសុំការបំភ្លឺបានដែរ ដោយខលទូរសព្ទលើកទីមួយលោកថាជាប់រវល់ប្រជុំស្រាប់តែនៅព្រឹកមិញខែ វិច្ឆិការនេះ ក្រុមការងារយើងបានខលទៅម្ដងទៀតដើម្បីសុំលោកបកស្រាយអត្ថាធិប្បាយពាក់ព័ន្ធរឿងខាងលើ បែជាលេខទូរសព្ទនោះត្រូវបានអ្នកផ្សេងទទួលជំនួសហើយឆ្លើយថា ច្រឡំលេខហើយ។
ចំណែកលោកគង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតនិងលោកស សារិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត ក្រុមការងារអង្គភាពសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺបានដែរ ជុំវិញករណីសាងសង់សំណង់រឹងមាំលើដែនសហគមន៍ព្រែកត្នោតខាងលើនេះ ដោយទូរសព្ទខលចូលមិនមានអ្នកទទួល។
ដោយឡែកអ្នកស្រីងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងបូកគោ បានបញ្ជាក់តាមទូរសព្ទថាពេលនេះអ្នកស្រីកំពុងរវល់ធ្វើការងារចាំ លោកស្រីឱ្យផ្នែកព័ត៌មានរដ្ឋបាលក្រុងបូកគោទំនាក់ទំនងទៅវិញ៕