អាជ្ញាធរ​ស្រុក​ដងទង់ ត្រូវបាន​ពលរដ្ឋ​មួយ​គ្រួសារ​ចោទថា បានអនុញ្ញាត​អោយ​ក្រុមហ៊ុនអគ្គីសនី​អូស​ខ្សែភ្លើង​ឆ្លងកាត់​ដី​កម្មសិទ្ធិ​ស្របច្បាប់ និង​កាប់​បំផ្លាញ​ដើម​អាកាស្យា​ពលរដ្ឋ​អស់​រាប់ពាន់​ដើម មិន​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ

​ខេត្ត​កំពត ៖ ករណី​កាប់​បំផ្លាញ​ដើម​អាកាស្យា​ពលរដ្ឋ​មួយ​គ្រួសារ ដែល​ស្ថិតនៅ​ស្រុក​ដងទង់ កំពុង​ក្លាយជា​រឿងក្តៅ ហើយ​រឿង​ទំនាស់​ខាងលើ បានអូសបន្លាយ​អស់​រយៈកាល​៤​ឆ្នាំ រីឯ​មហាជន​ក៏​កំពុង​តាមដាន ខណៈ​ដែល​រដ្ឋបាល​ខេត្ត​កំពត​និង​អាជ្ញាធរ​ស្រុក​ដងទង់​ព្យាយាម​ផ្អិប​សំណុំរឿង​មិនមាន​ដោះស្រាយ​ផលបះពាល់​ជូនពលរ​ដ្ឋ​អស់​រយៈពេល​៤​ឆ្នាំ​កន្លងមកហើយ ហើយ​ដំណើររឿង​ខាងលើ​ទោះបី​លិខិត​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​អោយ​រដ្ឋបាល​ខេត្ត ដោះស្រាយ​តាម​គោលនិយោបាយ​ជូនពល​រដ្ឋ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ ពលរដ្ឋ​រងគ្រោះ​នៅ​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​ពី​ក្រុមហ៊ុន​អគ្គិសនី​នៅ​ឡើង​។

​ប្រភព​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​លោក​មាស សេ​រ៉ី និង​ប្រពន្ធ​ឈ្មោះ​សេង ធី ដែល​មាន​លំនៅ​ភូមិ​ស្តុក​ធ្លក ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត បានអោយដឹងថា រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​កន្លងមក ត្រូវបាន​ទទួល​រង​ភាពអយុត្តិធម៌ ខណៈ​ដែល​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា សាខា​ស្រុក​បន្ទាយមាស​ខេត្ត​កំពត បាន​យក​បង្គោល​ភ្លើង​ដាក់​កាត់​លើ​ដី​របស់​ខ្លួន​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​និង​អាជ្ញាធរ បាន​នាំ​គ្នា​កាប់​បំផ្លាញ់​ដើម​អាកាស្យា​របស់គាត់​អស់​ចំនួន​៧,៣០៣​ដើម ដែល​ពួកគាត់​បាន​ដាំ​លើដី​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន លោក​មាស សេ​រ៉ី បាន​បន្តថា ដី​របស់​គាត់​មាន​ចំនួន​៧​ប័ណ្ណ​ក្បាលដី ដែល​ស្ថិតនៅ​ភូមិ​ចង្គៀង​ខាងកើត ឃុំ​ទទ​ង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​ចំពោះ​កណី​រំលោភ​សិទ្ធិ​អចលនទ្រព្យ​ពលរដ្ឋ​ស្របច្បាប់​ខាងលើ ភាគី​ខាង​ក្រុមហ៊ុន​និង​អាជ្ញាធរ​ស្រុង​ដងទង់ និង​រដ្ឋបាល​ខេត្ត​កំពត កន្លងមក​គ្មាន​ដំណោះស្រាយ​ផ្តល់​សំណង​ផល​បះ​ពាល់​ពី​ក្រុមហ៊ុន​អគ្គី​នី​កម្ពុជា​សាខា​ស្រុក​បន្ទាយមាស ឬ​ក៏​អាជ្ញាធរ​ខេត្ត​ឡើយ ផ្ទុយទៅវិញ កាលពី​ថ្ងៃ​ទី​០២ ខែ​កក្ត​ដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត ដែល​ដឹកនាំ​ដោយ​លោក​សេង សិរី​បុត្រ អភិបាលរង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ បាន​ត្រឹមតែ​ចុះ​ទៅ​ដល់​ទីតាំង ថែម​ទាំង​បញ្ជា​អោយកម្លាំង​កាប់​កម្ទិច​ដើមឈើ​លើដី​ពលរដ្ឋ​ទៅវិញ សកម្មភាព​បែប​នេះ ត្រូវបាន​ពលរដ្ឋ​ដាក់​ការសង្ស័យថា អាជ្ញាធរ​ខាងលើ ប្រហែលជា​មាន​ផលប្រយោជន៍​អ្វី​មួយ​ពី​ក្រុមហ៊ុនអគ្គីសនី​សាខា​ស្រុក​បន្ទាយ​មាស​ហើយ ទើប​មិន​ព្រម​រក​ដំណោះស្រាយ​ផល​បះ​ពាល់​តាម​ផ្លូវច្បាប់ បែ​ជា​ដោះស្រាយ​តាមរប៊ៀប​ហឹង្សា​បង្ខំ​ពលរដ្ឋ​រងគ្រោះ​ទៅវិញ​។

​ពាក់ព័ន្ធ​រឿង​កាប់បំផ្លាញ​ដើម​អាកាស្យា​លើដី​កម្មសិទ្ធិឯកជន​និង​គ្មាន​សំណង​អោយ​ជន​ពលរដ្ឋ​បែបនេះ អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​លិខិត​ពី​ជនរងគ្រោះ​ចំនួន​២​ច្បាប់ ដែល​ពលរដ្ឋ​ឈ្មោះ​មាស សេ​រ៉ី និង​ប្រពន្ធ​ឈ្មោះ​សេង ធី បាន​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៨ ខែ​កក្ត​ដា ឆ្នាំ​២០២០ ខ្លឹមសារ​ក្នុង​លិខិត​គឺ​លោក​មាស សេ​រ៉ី និង​ប្រពន្ធ​វ​បាន​ប្តឹង​ចោទ​លោក​សេង សិរី​បុត្រ អភិបាលរង​ខេត្ត​កំពត បន្ទាប់ពី​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​៨៥​នាក់ ប្រដាប់​ដោយ​អាវុធ និង​លោក​ស៊ៀវ ផេង អភិបាល​ស្រុក​ដងទង់ ព្រម​ទាំង​អាជ្ញាធរ បន្ទាប់​ពី​កម្លាំង​ខាងលើ​បាន​កាប់​បំផ្លាញ​ដើម​អាកាស្យា​របស់គាត់​អស់​ចំនួន​៧ ៣០៣​ដើម នៅលើ​ដី​កម្មសិទ្ធិ​ស្របច្បាប់ ដោយ​មិនមាន​ការឯកភាព​ពី​ម្ចាស់​ដី​ឬក៏​ផ្តល់​សំណង់​ផល​បះ​ពាល់​អោយ​ម្ចាស់​ដី មុន​និង​ឈាន​ដល់​ការចុះ​អនុវត្តន៍​ច្បាប់ លើសពីនេះ​ទៀត ខាង​អាជ្ញ​ធរ​និង​សមត្ថកិច្ច​ថែម​ទាំង​បង្ខំ​អោយ​អ្នកស្រី សេង ធី​ម្ចាស់​ដី ផ្តិតមេដៃ​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារៈ​អគ្គិសនី​ទៅវិញ​។

​សូមបញ្ជាក់​ថា លិខិត​សុំ​កិច្ច​អន្តរាគមន៍​របស់​លោក​មាស សេ​រ៉ី​និង​ប្រពន្ធ​ឈ្មោះ​សេង ធី ត្រូវបាន​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ ចារ​ទទួល​កាល​ថ្ងៃទី​០៨ ខែ​កក្ត​ដា ឆ្នាំ​២០២០ ក្នុងនោះដែរ​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ ចារ​បញ្ជូន​មក​រដ្ឋបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្ត​ដា ឆ្នាំ​២០២០ ដើម្បី​អោយ​ពិនិត្យ​ឃើញ សំណើ​លោក​មាស សេ​រ៉ី​និង​ប្រពន្ធ​ឈ្មោះ​សេង ធី ដែល​ដំណើររឿង​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​កំពត ហេតុនេះ​ក្រសួង​មហាផ្ទៃ ស្នើ​អោយ​ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត ពិនិត្យ​និង​ដោះស្រាយ​ស្របតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​មានចែង​ជា​ធរមាន លទ្ធផល​ដោះស្រាយ​សម្រេច​យ៉ាងណា​នោះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អោយ​រដ្ឋបាល​ខេត្ត​កំពត ផ្ញើរ​ជូន​មក​ក្រសួង​មហាផ្ទៃ វិញ​កុំ​បី​ខាន ក៏​ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០២១​នេះ លោក​មាស សេ​រ៉ី និង​ប្រពន្ធ​ឈ្មោះ សេង ធី មិន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពត​ដោះស្រាយ​ណែនាំ​តាម​ការស្នើសុំ​របស់​ក្រសួង​មហាផ្ទៃ​ឡើយ​។

​ជុំវិញ​ការលើកឡើង​របស់​លោក​មាស សេ​រ៉ី និង​ប្រពន្ធ​ឈ្មោះ​សេង ធី ចំណែកឯ​លោក​ស៊ៀវ ផេង អភិបាល​ស្រុក​ដងទង់ និង​លោកវិត​វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត បាន​ឆ្លើយ​ដាក់​គ្នា​ដូច​សម្ល​កំពឹស ពោល​គឺ​មិន​ទទួលខុសត្រូវ​លើ​ភារកិច្ច​របស់​ខ្លួន​។

​ដោយឡែក ភាគី​ខាង​ក្រុម​ហ៊ុម​អគ្គីសនី​កម្ពុជា អង្គភាព​សារព័ត៌មាន​VD7 news មិន​អាច​ស្នើសុំ​ការបំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិការ ឆ្នាំ​២០២១​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *