ដីចំការ​ស្រល់​ចំនួន​៧​ហិក​តា​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​បាន​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ភូមិ​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​ឃុបឃិត​គ្នា​ជាប្រ​ប្រព័ន្ធ​លក់​អោយ​ឈ្មួញ​បាន​លុយ​រាប់សែន​ដុល្លា​

(​ខេត្ត​មណ្ឌលគិរី )៖ ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង ៧ ហិកតា ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​មួយកន្លែង ស្ថិតក្នុង​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន មនោ​រម្យ ត្រូវបាន​ជនខិលខូច​មួយក្រុម​តូច​ឃុបឃិត​គ្នា​លក់​យ៉ាង​អនាធិបតេយ្យ ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការជួញដូរ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នេះ​គឺ​ជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​ឈ្មួញ​មកពី​ភ្នំពេញ​ជា​អ្នកទិញ​។​

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា លោក ភី ងូក ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ឃុបឃិត​ជាមួយ​បក្ខពួក​រៀបចំ​ជា​ប្រព័ន្ឋ ដោយ​មាន​ការចាត់តាំង​អ្នក​ឈរឈ្មោះ​ចំនួន​បី​នាក់ ជា​ម្ចាស់​ដី​ក​ម្មសិ​ទ្ឋ​ដើម្បី​ស្នើសុំ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ រួច​ធ្វើ​លិខិត​ផ្ទេរ​ទិញ​លក់​ឲ្យទៅ​ឈ្មោះ វិច សុ​វាចា ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​ភូមិ​សង្កាត់​ក្រុង​ខេត្ត ពោល​គឺ​គ្មាន​ការធ្វើ​អនុ​ប​យោគ​ពី​រដ្ឋ​ឬ​កាត់​ខ្វៀល​ចេញពី​ដី​ក្រសួង​កសិកម្ម​ឡើយ ។ ជាង​នេះ​ទៀតសោត ក្រោយ​គេ​ស្នើសុំ​ចុះបញ្ជី​សម្គាល់​ម្ចាស់​កម្ម​សិទ្ឋិ​អចលនទ្រព្យ​(​ប្លង់រឹង​) មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ប្តឹង​ជំទាស់ ប៉ុន្តែ​សកម្មភាព​បំពាន​យក​ដី​នៅតែ​ប្រព្រឹត្ត​ដោយ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ឡើយ​ព្រោះ​បាន​តា​ស្រមូម​ធ្វើ​ខ្នង​។​

​ប្រភព​បន្តថា​ក្រោយ​ទទួលបាន​លិខិត​ផ្ទេរ​
​សិទ្ឋិ​កាន់កាប់​ដី​ពី​លោក​ចៅសង្កាត់​ភីងូ​ក​រួច​ហើយ​នោះ អ្នកទិញ​ដី​ចម្ការ​ស្រល់​ដោយ​ខុសច្បាប់​នេះ​បាន​ទំនាក់ទំនង​មន្ត្រី​ក្នុង​ខេត្ត​ចំណាយលុយ​ជាង​ពីរ​សែន​ដុល្លារ​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​កាត់​ខ្វៀល​ដី​ចំណុច​ខាងលើ​ចេញពី​ដី​ក្រសួង​កសិកម្ម ។ ដែល​ដំណើរការ​នេះ បាន​ចាប់ផ្តើម​តាំងពី​អំឡុង ខែ​កញ្ញា ឆ្នាំ​២០២១ រហូត​បច្ចុប្បន្ន​មិន​ទាន់​សម្រេច​នៅឡើយ ។​

​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ត្រួតពិនិត្យ​ករណី​រំលោភ​យក​ដី​ចម្ការ​ស្រល់​របស់​រដ្ឋ​ស្ថិតក្នុង​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​រកឃើញ​សកម្មភាព​រំលោភ​យក​ដី​ស្រល់​រដ្ឋ​ចំនួន​៤​ទីតាំង ។ ដែល​ការចូល​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខាងលើ​នេះ​ម្ចាស់​ដី​ពីរ​កន្លែង​សំអាង​លើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​និង​ប្រើប្រាស់​ដីធ្លី​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​សង្កាត់​ក្រុង ។ ចំណែក​ដី​ពីរ​កន្លែង​ទៀត​ឃើញ​មាន​ហ៊ុម​ព័ទ្ធ​របង​តែ​ពុំ​ឃើញ​មាន​ម្ចាស់​ចេញមុខ​ទទួលខុសត្រូវ​ព្រោះ​កំពុង​រត់​ការ​។​

​ក្នុងចំណោម​ដី​ទាំង​បួន​ទីតាំង​ខាងលើនេះ មាន​ដី​មួយ​កន្លែង​នៅ​ចំណុច​និយាម​កា​(៧៣៨២៨០-១៣៧១៧២៣) គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ វិច្ឆិកា ២០២១ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​រឹងមាំ​ជាច្រើន ដោយ​គេ​សំអាង​ថា​មាន​លិខិត​កាន់កាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ ។ ប៉ុន្តែ​មន្ត្រី​ជំំ​នាញ​បាន​អះអាងថា ក្រសួង​មិន​ទាន់​មាន​ចំណាត់ការ​កាត់​ខ្វៀល​ដី​ទាំងនោះ​ទៅ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជា​កម្ម​សិទ្ឋិ​នោះទេ​ពោល​គឺ​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​ត្រូវតែ​ការពារ​ជា​ដាច់ខាត​។​

​ប្រភព​ដដែល​នេះ​បាន​បន្តថា ក្នុង​លិខិត​ផ្ទេរ​សិទ្ឋិ​កាន់កាប់​ដីធ្លី​ដែល​មាន​ការទទួលស្គាល់​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ខេត្ត​គឺ​មាន​បុគ្គល​បីនាក់​ជា​អ្នក​ឈរ​ឈ្មោះ​លក់ដូរ​ដី​រដ្ឋ​នេះ​ទៅ​ឲ្យ​អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់ ។ បុគ្គល​បី​នាក់​ដែល​ឈរ​ឈ្មោះ​លក់​ដី​រដ្ឋ​ទំហំ​ជាង​៧​ហិកតា​ឲ្យទៅ​គេ​នោះ​មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ ភៅ ណា​រ៉ា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​
២-​ឈ្មោះ ភី ច្រាញ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​
៣-​ឈ្មោះ ហាន សាមឿន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ។

​អ្នក​ទាំង​បី​ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​តាំង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។ ទាំង​បី​នាក់​នេះ​ក្នុង​ម្នាក់​ទទួលបាន​លុយ​តែ​ប្រាំមួយ​លាន​រៀល​ប៉ុណ្ណោះ ។ ហើយ​អ្នក​រត់​ការ​បាន​ធ្វើលិខិត​កាន់កាប់​និង​ប្រើប្រាស់​ដីធ្លី​បី​ប្លង់​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ (​ថ្ងៃ​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៥) ដើម្បី​ផ្ទេរ​ទៅឲ្យ​អ្នក​ទិញ​តែ​ម្នាក់ ហើយ​អ្នក​ទិញ​នោះ​បាន​ធ្វើ​លិខិត​កាន់កាប់​ដីធ្លី​ថ្មី​មួយទៀត​ដោយ​បូក​ទាំង​បី​ប្លង់​ចូលគ្នា​ស្មើ​ជាង​៧​ហិកតា​នៅ​ថ្ងៃទី​១១​ខែ​ឧសភា​ឆ្នាំ​២០១៨​គឺជា​រឿង​ពិត ។​

​ឆ្លើយតប​ករណី​ខាងលើ លោក ភី ងូក ចៅសង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​បាន​និយាយថា ចំពោះ​រឿង​ដី​នេះ​ម្ចាស់​គេ​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ គឺ​មុន​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់​ទៅទៀត ហើយ​គេ​មាន​ប្លង់​ត្រឹមត្រូវ ។ ចំណែក​សំណង់​ដែល​កំពុង​សាងសង់​នោះ​គេ​បាន​សុំ​ទៅ​ក្រុង​ឬ​ទៅ​ខេត្ត​អស់​ហើយ​ក្រៅពីនេះ​លោក​មិន​ដឹង​ទេ​ព្រោះ​គ្រប់​ទឹក​ហើយ ។​

​ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​នេះ​លោក​បាន​បញ្ជាក់ថា​នឹង​ចាត់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ពិនិត្យ​ជាក់ស្តែង​និង​ចាត់ការ ។​

​ទោះជា​យ៉ាង​ក្តី គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ គេ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​ណា​ចុះទៅ​ពិនិត្យ​ឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *