(ខេត្តឧត្តរមានជ័យ) ៖ ពាក្យចាស់លោកពោលថា លុយជាអាវុធមុខពីរ ។ ពេលខ្លះលុយជាឱសថ ហើយពេលខ្លះទៀតលុយក៏ជាថ្នាំពុលផងដែរ ។ អ្នកខ្លះមានមុខមាត់កិត្តយសក៍ដោយសារតែលុយ ហើយអ្នកខ្លះទៀត ក៏មានកេរ្តិ៍ឈ្មោះស្អុយរលួយ ខ្លឹនបញ្ច្រាស់ខ្យល់ ក៏ដោយសារលុយដែរ ។ ជាក់ស្តែង ខ្លឹនមិនល្អសាយភាយចេញពីបន្ទាយយោធាលេខ ៤១ ដោយសារតែរឿងលុយតែម្តង ។
នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ មានស្ត្រីម្នាក់ឈ្មោះ ស្រី វ៉ាន់ រស់នៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បានអះអាងថា ខ្លួនជាជនរគ្រោះ និងសូមអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ នាង ឃីម អោយជួយរកយុត្តិធម៌ ខណៈពេលលោកវរៈសេនីយ៍ត្រី សោម សាវី មេបញ្ជាការកងអនុសេនាធំវិស្វកម្មនៃកងពលតូចលេខ៤១ ឆបោកប្រាក់គាត់អស់ចំនួនជាងប្រាំបួនលានរៀល (ជាង៩០០០០០០៛) តាមរយះការលេងតុងទីន ។
អ្នកស្រីបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន ម្លប់សន្តិភាព យើងទាំងទឹកមុខក្រៀមក្រំថា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ អ្នកស្រីបានលេងតុងទីនក្នុងមួយក្បាលសាមសិបម៉ឺនរៀល (៣០០០០០៛) គឺក្នុងមួយខែបង់ប្រាក់ម្តង និងមានមនុស្សចូលរួមលេងចំនួន៣១នាក់ ។ ដោយលោកវរសេនីយ៍ត្រី សោម សាវី ធ្វើជាមេតុងទីននេះ។
អ្នកស្រីបន្តថា ខ្លួនគាត់បានបង់ប្រាក់ទៅអោយលោកស័ក្ត ៤ ខាងលើរហូតមកដល់ចំនួន៣០ខែ និងខែបន្ទាប់ត្រូវប្រម៉ូលលុយនោះ ស្រាប់តែលោក សោម សាវី គិចវេស មិនព្រមប្រគល់លុយចំនួនជាង៩០០០០០០៛ ដែលជាចំនួនប្រាក់ដែលអ្នកស្រីត្រូវទទួលបាននោះឡើយ ហើយថែមទាំងបោះសម្តីថាអោយទៅប្តឹងអ្នកណាក៏ប្តឹងទៅគេមិនខ្លាចទេ ។
ស្ត្រីរងគ្រោះខាងលើបានបន្ថែមថា ក្រោយពីដឹងថា ខ្លនចាញ់បោកលោក សោម សាវី ហើយនោះអ្នកស្រីបានដាក់ប្តឹងទៅលោកវរះសេនីយ៍ត្រីជុំចឿននាយការិយាល័យទី២នៃកងពលតូចលេខ៤១អោយជួយដោះស្រាយដែរតែពុំទទួលបានលទ្ធផល។
ដោយក្តីអស់សង្ឃឹមអ្នកស្រីមានតែលើម្រាមដៃដប់សំពះអង្វរសូមអំពាវនាវដល់ដល់លោកឧត្តមសេនីយ៍ទោនាងឃីមមេបញ្ជាការកងពលតូចលេខ៤១តាមរយះសារព័ត៌មានដើម្បីអោយឯកឧត្តមជួយដោះស្រាយនិងផ្តល់យុត្តិធម៌អោយគាត់ផង។
ជុំវិញការចោទប្រកាន់ខាងលើ លោកវរៈសេនីយ៍ត្រី សោម សាវី មេបញ្ជាការកងអនុសេនាធំវិស្វកម្ម បានអោយក្រុមការងារយើងដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ បញ្ហារឿងតុងទីននេះ គេរំសាយចោលហើយ ព្រោះលោកក្ស័យធនរឿងក្នុងគ្រួសារ សូម្បីតែមេកងពលនិងរងកងពលក៍គេអនុគ្រោះអោយលោកដែរ ។ បើគេចង់ប្តឹងអោយមកប្តឹងខាងយោធាមកព្រោះជារឿងទាហាន ។ បើយើងស្តាប់តាមការបកស្រាយរបស់ សោម សាវី ហាក់បីដូចជាឯកឧត្តម នាង ឃីម មេបញ្ជាការកងពល និងមេបញ្ជាការរងផ្សេងទៀត បានដឹងរឿងនោះច្បាស់ ហើយនិងគាំទ្រលោក សោម សាវី ទៀតផ ងនៅរបៀបរកលុយរបស់លោក សោម សាវី ក្លាយទៅជាទុក្ខវេទនារបស់ពលរដ្ឋនោះ ។
ចំណែកលោកវរសេនីយ៍ត្រី ជុំ ចឿន នាយការិយាល័យទី២ បានទទួលស្គាល់ថា ពិតជាមានករណីគេប្តឹងលោក សោម សាវី រឿងលេងតុងទីនប្រាកដមែន។
រឺឯលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ អង្គភាពម្លប់សន្តិភាព យើងមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទខលចូលជាច្រើនដង មិនមានអ្នកទទួល ៕