ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា​អាច​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​មើល​ទៅ​ទើប​កាស៊ីណូ សុខ គឹម​ម៉េង នៅ​ស្រុក​កំពង់ត្រាច បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង បែបនេះ​

(​ខេត្ត​កំពត​) ប្រជាពលរដ្ឋ​ខ្មែរ​សម្រុកចូល​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដូចជា​បៀ​អាប៉ោង​និង​មាន់​ជន់​នៅ​ការ​ស៊ីណូ​ទ្វេភាគី​តន់ហ​ន់​ស្ថិតនៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត យ៉ាង​រលូន​។​ពលរដ្ឋ​ដែល​រស់នៅ​ក្បែ​នោះ​បានឲ្យ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិ​ភាព​យើង​ដឹង​នៅ​រសៀល​ថ្ងៃទី​៥​ខែគុម្ភះ​ឆ្នាំ​២០២២​នេះ​ថា ម្ចាស់​កាស៊ីណូ សុខ គឹម​ម៉េង នៅជាប់​ច្រកទ្វារព្រំដែន​ទ្វេភាគី​តន់​ហន់ បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​បញ្ជល់មាន់ អាប៉ោង បៀ និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជួយ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​ម្ចាស់​កាស៊ីណូ​រូបនេះ​កំពុង​ប្រព្រឹត្ត​បំពាន​លើ​អាជ្ញាប័ណ្ណ​របស់​ក្រសួង​ពាក់ព័ន្ធ​ហើយ​ទាន​។ ចំណែក​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ម្ចាស់​កាស៊ីណូ សុខ គឹម​ម៉េង នៅ​ច្រក​តន់​ហន់​នៅឡើយ​ទេ​។​

​តាម​ការបញ្ជាក់​ពី​អ្នក​ធ្លាប់​ចូល​ទៅ​លេង​ក្នុង​ទីតាំង​កាស៊ីណូ សុខ គឹម​ម៉េង បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​នេះ​មាន​ខ្នងបង្អែក​ក្រាស់​ណាស់​ទើប​អាច​បើក​សង្វៀន​បញ្ជល់មាន់ វង់​បៀ​អាប៉ោង ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​។ ប្រភព​ដដែល​នេះ​បានឲ្យដឹង​ទៀតថា ល្បែង​បញ្ជល់មាន់​លេង​ដាក់​ដើម​ថា​ន់​ច្រើនៗ ហើយ​ល្បែង​បៀ​អាប៉ោង ក៏​ស៊ី​សងលុយ​ធំៗ​ណាស់ដែរ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នកជិះ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​មក​ពី​គ្រប់ទិសទី​ប្រមូលផ្តុំ​គ្នា​លេង​ល្បែង​យ៉ាង​ពេញបន្ទុក​។ មានការ​បង្ហើប​ឲ្យដឹងថា ទាល់តែ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​គេ​អាច​ប្រព្រឹត្ត​បាន​យ៉ាង​រលូន​ដូច​ច្នេះ ហើយក៏​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត មួយចំនួន​សម្ងំ​ទទួល​ផលប្រយោជន៍​ទើប​ម្ចាស់​កាស៊ីណូ សុខ គឹម​ម៉េង មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​សុខ​ស្រួល​។​

​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ដែល​កើតចេញ​ពី​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ សុខ គឹម​ម៉េង នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ជា​ពិសេស​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គឺជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​។ ដោយហេតុ​ថា ឥឡូវ​នេះ​ម្ចាស់​កាស៊ីណូ សុខ គឹម​ម៉េង ដែល​មាន​ខ្នងបង្អែក​ក្រាស់​កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ ហើយ​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ដូច្នេះ​..! ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ សុំ​សំណូមពរ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សូម​កុំ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពត និង​ស្នងការ​នគរបាល​ខេត្ត​កំពត ព្រោះ​ថា​គ្រប់​ល្បែងស៊ីសង​តែងតែ​ផ្តល់​ហា​នី​ភ័យ​ខ្លាំងណាស់ សម្រាប់​សុខ​សុ​វត្តិភាព​ប្រជាជន​ក៏​ដូច​ប្រទេស​ជាតិ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *