ថ្មី​ទៀត​ហើយ​ករណី​លួច​ចាក់ដី​ចូល​សមុទ្រ និង​ដី​ព្រៃ​លិច​ទឹក​ពី​ជន​ឆ្លៀត​ឱកាស​និយម​កំពុង​ប្រគួតប្រជែង​យក​គំរូ​តាមគម្រោង​ពង្រីក​ឆ្នេ​ររបស់​រដ្ឋបាល​ខេត្ត​កែប​ដែរ

ខេត្ត​កែប​៖ ស្របពេល​ដែល​រដ្ឋបាល ខេត្ត​កែប កំពុងតែ​មមា​ញ៉ឹក ក្នុង​ផែនការ​ចាក់ដី​ពង្រីក​ទីតាំង​ឆ្នេរសមុទ្រ​បន្ថែម ដែល​មាន​ប្រវែង​រហូតដល់​២,៧០០ ​ម៉ែត្រ​ដើម្បី​ពង្រីក​វិស័យ​ទេសចរ​នោះ ក៍​មាន​ជន​ឆ្លៀត​ឱកាស​និយម​មួយចំនួន​តូច​លួច​ចាក់​ដី​ចូល​សមុទ្រ និង​ចាក់ដី​ចូល​តំបន់​ព្រៃ​លិច​ទឹក​ដើម្បី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ផងដែរ ចំពោះ​ករណី​ធ្វើបែបនេះ ត្រូវបាន​មតិ​មហាជន​លើកឡើងថា គឺ​ហាក់បីដូច​កំពុងតែ​ប្រណាំង​ប្រ​
​ជែង​ជាមួយនឹង​គម្រោង​របស់​រដ្ឋ ក្នុង​គោលបំណង​បម្រើ​ចង់បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​សូមបញ្ជាក់​ថា ទីតាំង​មួយ​កន្លែង​ត្រូវបាន​អាជ្ញាធរ​ក្រុង ធ្វើ​ការហាមឃាត់​ទាន់ពេលវេលា និង​មួយ​ទីតាំង​ទៀត អភិបាល​ស្រុក​កំពុង​តែ​ត្រួតពិនិត្យ​ព័ត៌មាន​លម្អិត​ជាមួយ​ថ្នាក់ក្រោម​របស់​ខ្លួន​។

​យោងតាម​ប្រភព​ដែល​ទទួល​បាន​ការ​លួច​ចាក់​ដី​ពីរ​ទីតាំង​ផ្សេងគ្នា​ខាងលើ បានឱ្យដឹងថា ទី​តាំងទី​១ មាន​ជម្រៅ​ប្រមាណ​៥០​ម៉ែត្រ និង​ទទឹង​ប្រមា​​ណ​៣០​ម៉ែត្រ គឺ​ស្ថិតនៅ ភូមិ​កែប ក្រុងកែប ខេត្ត​កែប​។

​ចំណែក​មួយ​កន្លែង​ទៀត​ត្រូវគេ​ចាក់​ដី​ចូល​ក្នុង​តំបន់​ផលិតកម្ម​អំបិល​គឺ​ស្ថិតនៅ ភូមិ​ភ្នំ​លា​វ
​ឃុំ​ភ្នំ​លា​វ ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប​។

​លោកស្រី ទិ​ត្យ សុខា អភិបាល ក្រុងកែប បាន​ឱ្យ​អ្នកព័ត៌មាន​យើង​ដឹង​នា​ពេល​កន្លងទៅ​ថា លោកស្រី​បាន​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ដាក់​កម្លាំង​ឃ្លាំ​មើល​រួច​ហើយ​ដោយសារតែ​ការចាក់ដី​នេះ​ធ្វើឡើង​នៅ​ពេលយប់​ ។ ទោះជា​យ៉ាងនេះក្តី លោកស្រី​មិន​បាន​បញ្ជាក់​អំពី​វិធានការ​ដាក់ទោស​ទាន់​ដល់​ជន​អ្នក​ប្រព្រឹត្ត​កំហុសឆ្គង​ទៅ​តាម​ផ្លូវ​ច្បាប់​ឡើយ​។

​ចំពោះ​ដី​ដែល​បាន​ចាក់​ចូលក្នុង​សមុទ្រ​រួច​ហើយ​នោះ​លោកស្រី​បញ្ជាក់​យ៉ាងខ្លី​ថា កំពុង​ស្វែងរក​អត្តសញ្ញាណ​អ្នក​នៅ​ពីក្រោយ​…​តែ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​ថ្ងៃ​ទី​៣​ខែ​មិនា​ឆ្នាំ​២០២២​នេះ​ទៅ​ហើយ អ្នកស្រី​អភិបាលក្រុង​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។

​ដោយឡែក​ការ​លួច​ចាក់ដី​ចូល​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ជា​ដី​ផលិតកម្ម​អំបិល​ឯណោះ​វិញ លោក ប៊ុន យ៉ូង ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបញ្ជាក់​ថា ទីតាំង​នេះ​ជា​ដីឯកជន​របស់​គេ ដែល​បាន​ស្នើសុំ​ប្តូរ​ប្រភេទ​ដី​រួល​រាល់​ហើយ ពោល​លែង​ជា​ប្រភេទ​​ដី​ផលិតកម្ម​អំបិល​ទៀតហើយ​។ តែ​ការចាក់ដី​នេះ​មាន​ច្បាប់ ឬ​អត់​ច្បាប់​លោក​មិន​បានដឹង​នោះទេ​។

​ប្រភព​ដែល​អាច​យកជាការ​បាន ដែល​ជា​មន្ត្រី​នៅ មន្ទីរ​ដែនដី បាន​ឱ្យ​អង្គភាព​យើង​ដកស្រង់​សម្ដី​ថា ដី​ឧហ្សាហកម្ម​អំបិ​លទាំង​អស់​មិន​អាចដូរ​​ប្រភេទ​ដី​មក​ជា​ដី​សាងសង់​លំនៅដ្ឋាន​បាន​នោះ​ទេ ទោះ​បី​ត្រូវ​ប្តូរ​យ៉ាងណា​ក៍ដោយ​ក៍​នៅតែ​ជា​ដី​កសិកម្ម​ដដែល​។ ចុះ​ចំឡែក​អ្វី​តែ​ដី​មួយ​កន្លែង​នេះ ស្នើ​សុំ​ដូរ​ប្រភេទ​ដី​រួចរាល់​តែ​អាច​ចាក់ដី​បាន​ទៅ​វិញ ?

​លោកស្រី គឹម ច​ន្នី ចៅហ្វាយស្រុក​ដំណាក់​ចង្អើរ ក៍​បាន​លើក​ជា​មតិ​យ៉ាង​ខ្លី​ថា លោក​ស្រី​នឹង​ពិនិត្យ​ការងារ​នេះ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ ព្រោះ​លោក​ស្រី​មិន​ចាំ​ថា​ទីតាំង​ណា​ច្បាស់លាស់​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ល្មើស​ច្បាប់ ដដែលៗ​នេះ​តែងតែ​កើតមានឡើង ចំណែកឯ​អាជ្ញាធរ មិន​ដែល​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល​អ្នក​ប្រព្រឹត្ត​ឡើយ

​លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប តែងតែ​រក្សា​សភាព​ទន់ភ្លន់​ជាមួយ​អ្នកប្រព្រឹត្ត​បទល្មើស​ជានិច្ច និង​មិន​ដែល​មាន​វិធានការ​ច្បាប់​ម្តងណា​ឡើយ​។ ជាក់ស្តែង​ការ​រំកិល​ផ្លូវ​រដ្ឋ ការរៀប​ឃឿន​ចូល​សមុទ្រ​នៅ តំបន់ឆ្នេរ​អង្កោល ករណី​ចាក់​ដី​រំលោភ​ចូល​ដី​ដែន​ជម្រក់​ជីវចម្រុះ​ម៉ាត់​ព្រែក​អន្លុង​ធ្លក ករណី​កាប់​ទន្ទ្រាន​ដីភ្នំ​បារាំង ជា​ដើម​នោះ​។​ល​។ កាល​ពី​កន្លងទៅ កម្លាំង​គណៈកម្មការ​ចម្រុះ​ដែល​បាន​ចុះ​ទៅ​វាយ​កម្ទេច​ខឿន​ឆ្នេរ​អង្កោល​នោះ ធ្វើបាន​តែ​បន្តិច​ប​ន្ទួច​តែ​ប៉ុណ្ណោះ​ខណៈ​ដែល​របង​ថ្ម​ដូចគ្នា​ខ្ពស់ជាង​២​ម៉ែត្រ និង​ប្រវែង​រាប់រយ​ម៉ែត្រ នៅ​តែ​រក្សា​រៀង​ឈរ​យ៉ាង​សង្ហារ​ដដែល​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *