ឧត្ដរមានជ័យ ៖ ក្នុងបំណងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងបញ្ចៀសការចម្លងជំងឺកូវីដ១៩ ដែលជាប្រភេទមេរោគបង្កឱ្យកើតជំងឺថប់ដង្ហើមនោះ នាថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងមន្ត្រីរាជការ មន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្ត បានចុះចែកម៉ាស់ដល់បងប្អូនអាជីវករនៅក្នុងផ្សារសំរោង ដោយឥតគិតថ្លៃ។
ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ការចុះចែកម៉ាស់នេះ ក្នុងបំណងបង្ការទប់ស្កាត់ និងបញ្ចៀសនូវការចម្លងមេរោគកូវីដ១៩ ជាពិសេសធ្វើការណែនាំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីករទាំងអស់ បន្ដចូលរួមអនុវត្តវិធានការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការចម្លងជំងឺកូវីដ១៩(COVID-19)ទាំងអស់គ្នា ដោយត្រូវចងចាំថា “យើងអាចភ្លេចកូវីដ១៩បាន តែកូវីដ១៩មិនដែលភ្លេចយើងឡើយ” ។
ឯកឧត្ដម បានជំរុញឲ្យមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ធ្វើការចុះចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋ អាជីករលក់ដូរនៅតាមបណ្ដាស្រុកនីមួយៗក្នុងខេត្តឧត្ដរមានជ័យ ឲ្យបានគ្រប់ៗ ដើម្បីការពារទប់ស្កាត់អោយបានចំពោះវីរូសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម (វីរូសកូរូណា)ផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ពិសេសពេលនៅទីប្រជុំជននានា ត្រូវពាក់ម៉ាស់ជាប់ជានិច្ច។