អ្នកមាន​ដី​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​ក្នុង​ដែន​ឧធ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ សំណូមពរ​ឲ្យ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យដី​ជាក់ស្ដែង​និង​រក​ដំ​ស្រាយ​ជួយ​ប្រជាពលរដ្ឋ​ផ្ទាល់ ជៀសវាង​មើល​តែ​របាយការណ៍​ម្ខាងៗ​ធ្វើអោយ​ពលរដ្ឋ​រង​ទុក្ខ

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​រាប់សិប​ហិតា ដែល​ស្ថិតនៅ​តាម​បណ្តោយ​ជើងភ្នំ​បូកគោ ត្រូវបាន​ក្រុម​ការងារ​អន្តរក្រសួង​សម្រេច​មិន​ចុះ​ពិនិត្យ ដោយ​ចាត់ទុកជា​ដី​រដ្ឋ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុន​នី​វង្ស​បូកគោ គ្មាន​ដំណាំ គ្មាន​លំនៅដ្ឋាន និង​ចោទ​ថា ជា​ទីតាំង​ដែល​ត្រូវបាន​រុករាន កាប់ឆ្កា ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ពោល​គឺ​ចាត់​ទុក្ខ​ថា ដី​ទាំងនោះ​ភាគច្រើន​ប្រព្រឹត្តិ​ក្រោយ​ថ្ងៃ​ទី​៣ ខែកក្កដា​ឆ្នាំ​២០២០ ចំពោះ​ករណី​សម្រេចចិត្ត​របស់​អន្តរក្រសួង​ខាងលើ បាន​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ម្ចាស់​ចំការ​ខាងលើ ដោយ​ពួកគាត់​ទទូច​ស្នើសុំ​ឲ្យ​ក្រុម​ការងារ​មេត្តា​ចុះ​ពិនិត្យ​ឯកសារ ពិនត្យ​ដី​ជាក់ស្ដែង និង​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​សិន មុន​នឹង​សម្រេច​អ្វីមួយ ព្រោះ​ការ​ដែល​ក្រុមការងារ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ទើប​តែ​ចូល​ទៅ​រុករាន កាន់កាប់​នៅ​ឆ្នាំ​២០២០​នោះ មិន​ត្រឹមត្រូវ​ទេ ។

​តាម​ផែនទី​បង្ហាញ​ទីតាំង គឺ​ដី​ដែល​ត្រូវ​កំណត់ថា ជា​ដី​របស់​រដ្ឋ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ​នោះ គឺ​មាន​ទំហំ​៣២៤​ហិច​តា​និង​៤៨​អា ស្មើនឹង​៥​ទីតាំង​នៃ​ផ្ទៃដី​សរុប​៥៧៦​ហិច​តា​និង​៧៥​អា គ្របដណ្ដប់​លើ​សង្កាត់​ចំនួន​២​នៃ​ក្រុង​បូកគោ ។

​ចំណែក​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​បរិស្ថាន​លេខ​១៩៤​សណ បស ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភះ​ឆ្នាំ​២០២២ បាន​ជម្រាបជូន​អភិបាល​ខេត្ត​កំពត សុំ​ចាត់​តំណាង​រដ្ឋបាល​ខេត្ត​កំពត មន្ត្រី​ជំនាញ រដ្ឋបាល​ក្រុង​បូកគោ និង​អ្នកពាក់ព័ន្ធ​ឲ្យចូល​រួម​នៅ​ក្នុង​ដំណើរការ​និតិវិធី​ចុះ​ពិនិត្យ​សិក្សា​និង​ផ្ទៀងផ្ទាត់​ទិន្ឋន័យ​ផ្ទៃដី​ទំហំ​៥៧៧​ហិច​តា​ដែល​ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដើម្បី​ចុះបញ្ជី​ដី​រដ្ឋ​ជូន​ក្រសួង​បរិស្ថាន​និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​សិទ្ធ​ជួល​អចិន្ត្រៃយ៍​ជូន​ក្រុមហ៊ុន​សុខាអូតែល ដោយយោង​តាម​អនុក្រិត្យ​លេខ​១៨៤​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា​ឆ្នាំ​២០២១ និង លិខិត​លេខ​០៣៧ ស​.​អ​ចុះ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២១​របស់​ក្រុមហ៊ុន​សុខាអូតែល បូកគោ​។

​បន្ទាប់​មក​រដ្ឋបាលខេត្ត​កំពត​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០២៥\២២​ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​៥​ខែ​កុម្ភះ​ឆ្នាំ​២០២២ ស្តី​ពី​ការចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស​និង​អត្តសញ្ញាណ​កម្ម​ដី​ដើម្បី​កំណត់​ដី​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​និង​អាស្រ័យ​ផល​ជាក់ស្ដែង​និង​ការចុះបញ្ជី​ដី​រដ្ឋ​ជូន​ក្រសួង​បរិស្ថាន​មាន​ទីតាំង​ក្នុង​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្រុង​បូកគោ ខេត្ត​កំពត ដោយយោង​តាម​លិខិត​លេខ​១៩៤ ស​.​ណ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភះ​ឆ្នាំ​២០២២ របស់​ក្រសួង​បរិស្ថាន ។​
​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​អស់ចិត្ត​នោះ​គឺ​ការចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស​និង​អត្តសញ្ញាណ​កម្ម​ដី​នៅ​តំបន់​ជើងភ្នំ​បូកគោ​នោះ ពួកគាត់​មិន​បានដឹង​និង​គ្មាន​ការអញ្ជើញ​ពី​មន្ត្រី​ពាក់ព័ន្ធ​ឡើយ ដោយ​ឃើញ​ក្រុមការងារ​គ្រាន់តែ​យក​ដ្រូ​ន​មក​បង្ហោះ​រួចហើយ ក៏​ឯកភាព​មិន​ចុះ​ពិនិត្យ​ជាក់ស្តែង ដោយ​មិន​បាន​មក​ជួប​សម្ភាសន៍​ប្រជាពលរដ្ឋ និង ពិនិត្យ​លើ​ដី​ជាក់ស្ដែង​នោះ​ទេ ដូច្នេះ​ការសម្រេច​ដាក់​ដី​របស់​ពួកគាត់​ចូល​ជា​ដី​របស់​រដ្ឋ ដោយ​សំអាង​ថា ជា​ទីតាំង​ដែល​ទើប​ចូល​រុករាន កាប់ឆ្កា ក្រោយ​ឆ្នាំ​២០២០​នោះ គឺ​ពួកគាត់​ទទួល​យក​មិន​បាន​ឡើយ ព្រោះ​ដី​ចំការ​របស់​ពួកគាត់​គឺ​បានមក​ពី​កាន់កាប់ និង​អាស្រ័យ​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៨០ ឬ ៩០ មកម្ល៉េះ ។

​តែ​បើ​យោង​តាម​រូបមន្ត​ស្បែក​ខ្លា​ដែល​សម្ដេច​តេជោ​ហ៊ុនសែន ធ្លាប់​ថ្លែង​កន្លងមក​បាន បញ្ជាក់ថា ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្ដែង​ទោះ​មាន ស​ជណ មានដិកា​ដកហូត ឬ​ស្ថិត​ក្នុង​ដី​រដ្ឋ​ក៏​ត្រូវតែ​កាត់ឈ្វៀ​ល​ជូន​ពួកគាត់​ដែរ មិន​ត្រូវ​ដកហូត​ពី​ប្រជាជន ហើយ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ ។

​ពាក់ព័ន្ធ​ករណី​មិន​ប្រក្រតី​ខាងលើ​នេះ​ដែរ លោក នេ​ត ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ប្រាប់​អ្នកព័ត៌មាន​យើង​យ៉ាងខ្លី​ថា លោក​គ្មាន​អ្វី​ត្រូវ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ព្រោះ​ក្រុមបច្ចេកទេស​របស់លោក​កំពុង​ធ្វើការ ។​

​ប៉ុន្តែ​ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​នោះ​លោក នេ​ត ភ​ក្ត្រា បាន​លើកឡើង​ថា សុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​មក​បង្ហាញ ពោល​គឺ​ឯកសារ​ស្របតាម​ច្បាប់​មិនមែន​ឯកសារ​ម៊ែ​កអាប់​ឡើយ ។

​ជុំវិញ​ករណី​ខាងលើ​នេះ​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ដាញ់​សារី​ប្រធាន​មន្ទីរ​ដែនដីន​គ​ររូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​កំពត​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែ​មិនា​ឆ្នាំ​២០២២​នេះ ដោយ​ទូរស័ព្ទ​ចូល​២​ដង​គ្មាន​អ្នកទទួល​ឡើយ ។​ ​ចំណែក​លោក​ហេង​ប៉ូ​ឡូ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ក៏​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ដែរ​ដោយ​ទូរស័ព្ទ​ខ​ល​ចូល​លោក​ថា​ជាប់រវល់​ប្រជុំ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *