(ខេត្តព្រៃវែង) ៖ ដោយសារតែភ្លើងប្រចណ្ឌ័ធ្វើអោយបុរសម្នាក់គិតមិនដល់ បានយកដែកចំពុះទុងចុងស្រួច ចាក់ទៅលើស្ត្រីម្នាក់ត្រូវជាប្រពន្ធបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ហឹង្សាក្នុងគ្រួសារនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះឈ្មោះ.ញេស.ទូច.ស្ថិតក្នុងភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
ករណីហឹង្សារក្នុងគ្រួសារនេះបង្កឡើងដោយប្តី ឈ្មោះអុីម អាត់ អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុ បានយកដែកចំពុះទុងចុងស្រួចចាក់ទៅលើប្រពន្ធឈ្មោះទូច ស្រីម៉ាប់ អាយុ២៧ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ត្រូវបានសាច់ញាតិបងប្អូនក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រៃវែង ។
ចំណែកបុរសជាប្តីក្រោយពីចាក់ប្រពន្ធអោយរងរបួសហើយ បានកាន់ដែកចំពុះទុងចុងស្រួចរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់បុរសជាប្តីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន៕