ភ្នំពេញ ៖ ចេញលទ្ធផលហើយក្នុងរឿងក្តីជនឆបោកប្រាក់ជាង ម្ភៃ ម៉ឺនដុល្លារ នេះបើយោងតាមប្រភពនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ ដែលជានារីភេទ ឈ្មោះ ង៉ុយ រស់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន នៅក្នុងមាត្រា ២៣១ នៃ ច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។
ជនត្រូវចោទខាងលើត្រូវបានគេស្គាល់ឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញនឹងត្រូវជាប្រពន្ធអ្នកជំនួញអចលនវត្ថុម្នាក់ផងដែរ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ថា ជនត្រូវចោទ ង៉ុយ រស់ និង នារីម្នាក់ទៀតឈ្មោះ ង៉ុយ កុសល ត្រូវជាបងប្អូនបង្កើតបានខ្ចីប្រាក់របស់ខ្លួនជាង២០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ហើយជនត្រូវចោទ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញ មូលប្បទានបត្រ ចំនួន៣សន្លឹង ដែលមានទឹកប្រាក់១៨មុឺនដុល្លា ជាការសងបំណុលទៅឲ្យជនរងគ្រោះដែលជាម្ចាស់បំណុល ខណៈម្ចាស់បំណុលបានយក មូលប្បទានបត្រ ទៅដកប្រាក់នៅធនាគារ ស្រាប់តែ មូលប្បទានបត្រទាំង៣សន្លឹកនេះ គ្មានសាច់ប្រាក់ឡើយ (ពោលគឺសែកស្អុយ)។
បន្ទាប់មកជនរងគ្រោះ ដែលជាម្ចាស់បំណុលបានទៅដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការដើម្បីឃាត់ខ្លួនជនឆបោក ចេញសែកស្អុយ គ្មានសាច់ប្រាក់មកផ្ទទ្ទាទោសតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃឯយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបញ្ជាឲ្យ (នារីទាំង២នាក់ខាងលើ)ចូលខ្លួន ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយស្ត្រីឈ្មោះ ង៉ុយ រស់បានចូលខ្លួន ទៅកាន់នាយកដ្ឋាននៅក្បាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ តាមដីកាបញ្ជាចូលខ្លួន ប៉ុន្តែ ស្ត្រីឈ្មោះ ង៉ុយ កុសល មិនបានចូលខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួនឡើយ។
បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះងុយរស់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតចោទប្រកាន់ជាផ្លូវការ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរបន្តរហូតមានការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ង៉ុយ រស់ ត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារPJ តាមនីតិវិធីរីឯស្ត្រីម្នាក់ទៀតឈ្មោះងុយកុសលកំពុងរត់គេចខ្លួនបាត់ស្រមោល៕