ខេត្តបាត់ដំបង ទីតាំងបនល្បែងមាន់ជល់អនឡាញអស់កញ្ចក់ទូរទស្សន៍ជ្រកក្រោមស្លាកតុកាហ្វេគុយទាវជាច្រើនកន្លែងដែលស្ថិតនៅក្រុងបាត់ដំបងខេត្តបាត់ដំបងកំពុងក៏ក្រើកបើកលេងភ្នាល់ឡើងវិញជាថ្មីល្បីថាមេខ្លោងនៅពីក្រោយឈ្មោះតែនជាអ្នកបើកលេង បើទោះបីជាក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០២៤កន្លងទៅកន្លងទៅថ្មីៗនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតក្រុមការងារស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសក៏ដោយ។យើងក្រឡេកមកមើលទីក្រុងបាត់ដំបងវិញម្ដងបច្ចុប្បន្នបនល្បែងប្រភេទមាន់ជល់តាមអនឡាញកំពុងផ្ទុះឡើងវិញយ៉ាងអាណាធិបតេយ្យដោយមិនមានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាហ៊ានចេញមុខបង្ក្រាបឡើយរីឯឯកឧត្តមសុខលូចៅហ្វាយខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ទោស្អាតគឹមសាន្តស្នងការខេត្តបាត់ដំបងនៅតែរក្សាភាពស្ងៀមស្ងាត់។
នៅថ្ងៃទី ៤ ខែឧសភា២០២៤នេះអង្គភាពសារព័ត៌មានយើងបានចុះមកក្រុងបាត់ដំបងដើម្បីថតផ្ដិតយករូបភាពជាក់ស្ដែងជាសក្ខីកម្មបច្ចុប្បន្នល្បែងស៊ីសងមាន់ជល់តាមអនឡាញកំពុងរីករាលដាលគួរឱ្យកត់សម្គាល់។បើយោងតាមប្រភពពីពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងបានបន្តថាជារៀងរាល់ថ្ងៃគេឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកពីគ្រប់ទីកន្លែងដែលជាអ្នកញៀនល្បែងបានប្រមូលផ្ដុំគ្នាទៅលេងចាក់ភ្នាល់ល្បែងស៊ីសងអនឡាញខាងលើយ៉ាងគក្លើន។
ករណីបើកបនល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញជាច្រើនកន្លែងនៅក្រុងបាត់ដំបងនេះត្រូវបានគេដាក់ការសង្ស័យថាអាចមានការត្រូវរូវឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងខេត្តបាត់ដំបងទាំងមូលនោះទេបនល្បែងខាងលើមិនអាចប្រព្រឹត្តបានជាដាច់ខាត។ឬមួយក៏ឯកឧត្តមអភិបាលខេត្តនិងស្នងការខេត្តបាត់ដំបងខ្លាចអំណាចលោកតែនព្រោះថាបនល្បែងជាច្រើនកន្លែងនេះដែលគេល្បីថាលោកតែនមានអំណាចធំណាស់។ប្រសិនបើដូច្នេះមែនតើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះដើម្បីអនុវត្តនាពេលកន្លងមកទៅជាយ៉ាងណា?
ជុំវិញករណីខាងលើលោកវរៈសេនីយ៍ឯកទិព្វសារ៉ែនអធិការនគរបាលក្រុងបាត់ដំបងបានបានឲ្យក្រុមការងារយើងដឹងតាមលេខទូរសព្ទនៅព្រឹកថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៤នេះថាទីតាំងបនល្បែងមាន់ជល់ទាំងនោះត្រូវបានបិទអស់ហើយប្រសិនបើនៅមានទៀតលោកនឹងចាត់កម្លាំងឲ្យទៅត្រួតពិនិត្យមើលនិងឈានទៅរកការបង្ក្រាបបន្ត។ចំណែកលោកឧត្តមសេនីយ៍ទោសាតគីមសាន្តស្នងការនគរបាលខេត្តបាត់ដំបងនិងឯកឧត្តមសុខលូអភិបាលខេត្តបាត់ដំបងភ្នាក់ងារយើងមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេហូតមកដល់ម៉ោងចេញផ្សាយនេះ៕