(ខេត្តកំពត) ៖ ប្រជាពលរដ្ឋ ចំនួន៧ គ្រួសារដែលរស់នៅភូមិប្រីពីរឃុំស្រែជាខាងជើងស្រុកដងទង់ខេត្តកំពតដែលបានអះអាងមកកាន់អង្គភាពយើងថាពួកគាត់ជាជនរងគ្រោះបន្ទាប់ពីចាញ់ល្បិចលោកគង់ផលមេភូមិប្រីពីរនិងបក្សពួកចំនួន៣នាក់ទៀតទី១ឈ្មោះ្មកែមសុម៉ាលីទី២ឈ្មោះអ្នកស្រីអ៑ុកសារឿននិងទី៣ឈ្មោះមាសឃាងដែលបានស៊ីដាច់ប្រាក់របស់ពួកគាត់សរុបចំនួន១០០០០$(មួយមុឺនដុល្លា)នេះគិតត្រឹមតែប្រាក់ដើមប៉ុណ្ណោះមិនទាន់គិតការប្រាក់នៅឡើយទេអោយប្រើប្រាស់រូបភាពជាប្រាក់សន្សំ។
សេចក្តីរាយការណ៍ដដែលនោះបានបន្តថាកាលពីឆ្នាំ ២០១៨លោកគង់ផលមេភូមិប្រីពីរនិងបក្សពួកបានបង្កើតគណៈកម្មការសន្សំប្រាក់អភិវឌ្ឍន៍កសិករនិងបានអូសទាញពលរដ្ឋដែលរស់ក្នុងមូលដ្ឋានឲ្យយកប្រាក់មកសន្សំដើម្បីទទួលបានអត្ថប្រយោជន៍ការប្រាក់ចំនួនពីរភាគរយ២%នៃចំនួនប្រាក់ដែលយកទៅផ្ញើ។មុនដំបូងឡើយពួកគាត់ទទួលបានការប្រាក់ដូចការសន្យាមែន។តែដល់ឆ្នាំ ២០១៩ ក៏មានការរអាក់រអួលពោលគឺបានការប្រាក់ខ្លះអត់បានខ្លះរហូតដល់ឆ្នាំ ២០២០ទើបក្រុមការងារគេនោះផ្ដាច់មិនឲ្យការប្រាក់ទាំងស្រុងតែម្តង។បន្ទាប់មកក្រុមប្រជាពលរដ្ឋទាំងនោះក៏បានស្នើសុំយកប្រាក់ដើមវិញក៏ប៉ុន្តែត្រូវក្រុមគណៈកម្មការនោះសន្យាពីមួយថ្ងៃទៅមួយថ្ងៃមិនព្រមឲ្យមកវិញសោះដោយក្តីអស់សង្ឃឹមពួកគាត់ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចនិងអាជ្ញាធរពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តដល់ឆ្នាំ ២០២៤ទៅហើយនៅតែពុំមានប្រសិទ្ធភាពតើនេះជាល្បិចបោកថ្មីត្រីឆ្ដោរស៊ីកូនឯងឬ។
ពលរដ្ឋអ្នករស់នៅមូលដ្ឋានបានបង្ហើបលោកគង់ផលមេភូមិប្រីពីរចេះយុទ្ធសាស្ត្រឆបោកយ៉ាងស្ទាត់ជំនាញក្នុងការបង្កើតល្បិចថ្មីៗនិងមានប្រព័ន្ធសេនារីយោច្បាស់លាស់ធ្វើអោយពលរដ្ឋជឿទុកចិត្តនឹកស្មានមិនដល់ឡើយគឺជំហ៊ានដំបូងគេបង្កើតគណៈកម្មការអូសទាញពលរដ្ឋឲ្យដែលរស់នៅក្នុងភូមិដែលខ្លួនគ្រប់គ្រងដើម្បីឲ្យពលរដ្ឋជឿទុកចិត្តព្រោះខ្លួនគេជាអាជ្ញាធរដែលពលរដ្ឋចាត់ទុកថាជាអាណាព្យាបាលទី ២រួចហើយលួងលោមប្រាប់ពីអត្ថប្រយោជន៍ឱ្យពលរដ្ឋយកប្រាក់ទៅសន្សំបន្ទាប់មកគេក៏ផ្ដល់ការប្រាក់តាមការសន្យាមែនដើម្បីឲ្យពលរដ្ឋនោះអូសទាញពលរដ្ឋផ្សេងទៀតយកប្រាក់មកសន្សំថែមទៀតនៅពេលដែលគេដឹងថាមិនមានពលរដ្ឋដទៃយកប្រាក់មកបន្តសន្សំនោះគេក៏ផ្អាកការផ្ដល់ការប្រាក់ហើយលើកហេតុផលថាមានវិបត្តិសេដ្ឋកិច្ចនៅពេលដែលពលរដ្ឋកើតទុក្ខមិនសុខចិត្តនិងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីរកយុត្តិធម៌លោកមេភូមិគង់ផលនិងបក្សពួកបានទៅបង្ហាញខ្លួននិងផ្ដិតមេដៃព្រមទទួលស្គាល់លើប្រាក់ទាំងនោះដោយសន្យាខ្យាល់ថាចាំសងវិញដើម្បីបង្វែរសំណុំរឿងពីរឿងព្រហ្មទណ្ឌឲ្យទៅជារឿងរដ្ឋប្បវេណីដោយលើកហេតុផលថាលុយនោះពលរដ្ឋផ្សេងទៀតខ្ចីអស់ហើយ។ចាំមានពេលណាគេសងពេលហ្នឹងហើយយុទ្ធសាស្ត្រនេះលោកមេភូមិអនុវត្តយ៉ាងមានប្រសិទ្ធភាពរីឯពលរដ្ឋរងគ្រោះបានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ដូចពាក្យចាស់ពោលថាដេកចាំដាំចេក។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកដងទង់បានលើកឡើងថាជុំវិញបញ្ហាលោកមេភូមិប្រីពីរប្រើល្បិចឆរបោកពលរដ្ឋយ៉ាងគក្លើនមិនគួរណាលោកគឹមបូណាចៅហ្វាយស្រុកដងទង់ជាពិសេសឯកឧត្តម៉ៅធនិនចៅហ្វាយខេត្តកំពតមើលរំលងព្រោះថាករណីត្រីឆ្តោរស៊ីកូនឯងខាងលើនេះបានធ្វើឲ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំព្រោះថាមេភូមិមានតួនាទីយ៉ាងសំខាន់ក្នុងការរួមសុខទុក្ខជាមួយពលរដ្ឋមូលដ្ឋានផ្ទាល់។តែបែរជាមកមានគំនិតស្មូកគ្រោកទុច្ចរិតមកលើពលរដ្ឋស្លូតត្រង់ខ្លួនឯងទៅវិញពួកគាត់នាំគ្នាបន្តថាតើឱ្យពួកគាត់រំពឹងអ្វីបើជនឆបោកជាអាជ្ញាធរភូមិយ៉ាងដូច្នេះហើយពួកគាត់បានដាក់ពាក្យបណ្ដឹងទៅស្ទើរគ្រប់ស្ថាប័នដើម្បីរកយុត្តិធម៌ក៏គ្មានសមត្ថកិច្ចជំនាញណាអើពើសោះនោះ។
បើទោះបីយ៉ាងនេះក្តីពលរដ្ឋរងគ្រោះទាំងនោះនៅតែទទួចស្នើសុំទៅឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតមេត្តាជួយអន្តរាគមន៍និងផ្ដល់យុត្តិធម៌ដល់ពួកគាត់ផងទាន!។
ជុំវិញការចោទប្រកាន់ខាងលើលោកគង់ផលមេភូមិប្រីពីរបានឲ្យក្រុមការងារយើងដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២៤នេះថាករណីខាងលើលោកពិតជាបានទទួលប្រាក់ពីពលរដ្ឋទាំងនោះមែន។ក៏ប៉ុន្តែប្រាក់នោះលោកបានឲ្យទៅពលរដ្ឋផ្សេងទៀតខ្ចីបន្ត។តែគេមិនព្រមសងលោកមិនដឹងធ្វើយ៉ាងម៉េច។ព្រោះហៅគេមកគេមិនមកគេថាធ្វើអីធ្វើទៅ។ហើយលោកក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។ចំណែកលោកខឹមហ៊ានមេឃុំស្រែជាខាងជើងធ្លាប់ប្រាប់អង្គភាពយើងថាបញ្ហានេះលោកបានដឹងដែរតែការបង្កើតក្រុមគណៈកម្មការសន្សំប្រាក់នោះតាំងពីទំនាន់លោកមេឃុំមុនមកម្ល៉េះរីឯលោកទើបមកកាន់តំណែងថ្មីលោកបន្តថាតែយ៉ាងណាក៏ដោយលោកនឹងរិះរកវិធីដើម្បីដោះស្រាយហៅមេភូមិនោះដើម្បីយកប្រាក់មកសងពលរដ្ឋឲ្យអស់ព្រោះថាធ្វើអញ្ចឹងប៉ះពាល់និងជះឥទ្ធិពលខ្លាំងណាស់ក្នុងនាមជាមេភូមិលោកបន្តថាលោកមានគម្រោងដកមេភូមិនោះចេញដែរ។តែបើដកចេញខ្លាចមេភូមិនោះមិនមានប្រាក់សងពលរដ្ឋ។អញ្ចឹងហើយឲ្យនៅធ្វើមេភូមិបន្ត។ដើម្បីរកប្រាក់សងពលរដ្ឋសងសិនសងចប់កាលណាដកចោលពេលហ្នឹង៕