ខេត្ត​ឧត្ដរមានជ័យ ជា​ខេត្ត​ទី​១៩ ទទួលបាន​ជ័យលាភី បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF

​ខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ ជា​ខេត្ត​ដែល​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ODF នៅ​ព្រឹក​ថ្ងៃទី​០៧​ខែ​មេសា​ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្ដម ស៉ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ឃិន ញ៉ាណ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​បរិវេណ​សួនច្បារ​បឹង​ស្នោរ ដោយ​មាន​អ្នកចូលរួម​ជាង​១០០០​នាក់ ព្រមទាំង​រៀបចំ​ជា​ក្បួន​ដង្ហែ​ពាន​ជ័យលាភី ODF (​ក្រុម​ថ្មើរជើង និង​ក្បួន​រថយន្ត​) យ៉ាង​អធិកអធម​ផងដែរ​។​

​ឯកឧត្ដម ឃិន ញ៉ាណ បាន​លើកឡើង​ថា នៅ​ទូទាំង​ខេត្ត​ឧត្ដរមានជ័យ មាន​ចំនួន​ខ្នង​ផ្ទះ​សរុប ៦០០៥១​ខ្នង​ផ្ទះ ខ្នង​ផ្ទះ​មាន​បង្គន់​ផ្ទាល់ខ្លួន ៥៥ ៣៩៤ ខ្នង​ផ្ទះ គិត​ជា​ភាគរយ ជាក់ស្តែង គឺ​ខ្នង​ផ្ទះ មាន​បង្គន់​ផ្ទាល់ខ្លួន​ស្មើនឹង ៩៧.០៦%, ខ្នង​ផ្ទះ​ប្រើ​បង្គន់​រួម​ស្មើនឹង ២.៩៤%, ខ្នង​ផ្ទះ​មាន​កន្លែង​លាងដៃ នឹង​សាប៊ូ​ស្មើនឹង ១០០%, ខ្នង​ផ្ទះ​ទុកដាក់​ទឹក​សម្រាប់​ផឹក​មាន​សុវត្ថិភាព​ស្មើនឹង ១០០%, ខ្នង​ផ្ទះ ទុកដាក់ សំណល់ ខោ​លាមក​កូនក្មេង លាមក​សត្វ និង​សំរាម​មាន​របៀបរៀបរយ​ស្មើនឹង​១០០%​។​
​ស្ថានភាព​ក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ ដែល​សម្រេច​បាន​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស កាល សរុប ១​ក្រុង ៤​ស្រុក គិត​ជា​ភាគរយ ៩២%​។​

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន មានប្រសាសន៍ថា គោលបំណង​នៃ​ពិធី​នេះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការប្រតិបត្តិ​អនាម័យ និង​បង្កើន​ការទទួលបាន​នូវ​ការ លើកកម្ពស់​អនាម័យ​នៅតាម​សហគមន៍​ជនបទ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ ដោយ​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រតិបត្តិ​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ ប្រើប្រាស់​បង្គន់​អនាម័យ ទំលាប់​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ក្រោយ​បន្ទោ​បង់ ការ​ទទួលទាន​ទឹក​មាន​សុ​វត្ថ​ភាព​ក្នុង​គ្រួសារ និង​រស់នៅ​ក្នុង​បរិស្ថាន​ស្អាត ជាពិសេស​បញ្ចប់​ការ​បន្ទោបង់​ពាស់វាល​ពាសកាល​។​

​ឯកឧត្ដម បន្តថា ការធ្វើឱ្យ​ប្រសើរឡើង​នៅ​ស្ថានភាព​អនាម័យ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​នៅ​តំបន់​ជនបទ និង​ជា​អាទិភាព​មួយ​ក្នុង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​អនុវត្ត​តាម​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឱ្យមាន​ប្រសិទ្ធិភាព និង​សម្រេច​ឱ្យបាន​នូវ​ទស្សនៈវិស័យ នៅ​ឆ្នាំ​២០២៥-២០៣០ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *