តេស្ត​លើក​ទី​៤ ៖ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមទាំង​អ្នក​នៅ​ជាមួយ អវិជ្ជ​មាន​កូវី​ដ​-១៩

រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃនេះ បាន​ផ្ញើ​សារ​គួរ​ឲ្យ​ត្រេកអរ​និង​អបអរសាទរ ខណ​ដែល​សម្តេច​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើក​ទី​៤ ដែល​ជា​លើក​ចុងក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា ព្រមទាំង អ្នក​នៅ​ជាមួយ​ដែល​បាន​បង្ហាញ​ច្បាស់​ថា​អវិជ្ជ​មាន​កូវី​ដ​-១៩ ពោល​គឺ​ពុំ​មាន​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​នេះ​ទេ​។ ដូចនេះ​ចាប់ពី​ថ្ងៃស្អែក ១៩ ខែវិច្ឆកា ឆ្នាំ​២០២០ ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើការ​ឬ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃ​ទី​៤​វិច្ឆកា​ឡើងវិញ តែ​ខ្ញុំ​នៅតែ មិនទាន់​ឱ្យ​កូន​និង​ចៅ​របស់​ខ្ញុំ​មក​ផ្ទះ​របស់​ខ្ញុំ​មួយ​រយះ​ទៀត ដើម្បី​ធានា​ឱយ​ប្រាកដថា ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់​ខ្ញុំ​នោះ​ឡើយ​។​

​សម្តេច ហ៊ុន សែន បាន​សរសេរ​សារ​ផ្ញើ​តាមរយៈ​ហ្វេ​សប៊ុក​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា ៖
​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ !

​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើក​ទី​៤ ដែល​ជា​លើក​ចុងក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជា​មួយ​ដែល​បាន​បង្ហាញ​ច្បាស់​ថា​អវិជ្ជ​មាន​កូវី​ដ​-១៩ ពោល​គឺ​ពុំ​មាន​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​នេះ​ទេ​។​ដូចនេះ​ចាប់ពី​ថ្ងៃស្អែក​១៩ ខែវិច្ឆកា ឆ្នាំ​២០២០ ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើការ​ឬ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃ​ទី​៤​វិច្ឆកា​ឡើង​វិញ​តែ​ខ្ញុំ​នៅតែ​មិន​ទាន់​ឱ្យ​កូន​និង​ចៅ​របស់​ខ្ញុំ​មក​ផ្ទះ​របស់​ខ្ញុំ​មួយ​រយះ​ទៀត​ដើម្បី​ធានា​ឱយ​ប្រាកដ​ថា​ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់​ខ្ញុំ​នោះឡើយ​។​នេះ​ជា​ក្តីស្រឡាញ់​ដែល​ឪពុក​និង​ជីតា​ផ្តល់​ឱ្យ​កូនៗ​និង​ចៅៗ​គឺ​សុវត្ថិភាព​របស់​កូនៗ​និង​ចៅៗ​ជា​ទីស្រឡាញ់​។​
​ក្នុង​ពេល​រង់ចាំ​ការ​ធ្វើ​តេស្ត​ចំពោះ​បងប្អូន​ផ្សេងទៀត ខ្ញុំ​អាច​ប្រកាស​ជូន​ជ្រាប​ថា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹងត្រូវ​បិទ​បញ្ចប់ ការធ្វើ​ចត្តា​ឡី​ស័កតាម​ពេល​វេលា​ដូច​ខាងក្រោម​៖
១.​សម្រាប់​ថ្ងៃ​១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន​១៥៦៩​នាក់ (​មាន​ជនជាតិ​ហុងគ្រី​ចំនួន​៥​នាក់​)​ដោយ​រាប់​ទាំង​អ្នក វិជ្ជមាន​៤​នាក់ ក្នុងនោះ​ជា​សះស្បើយ​១​នាក់ និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត​ដែល​មាន​ទាំង​អគ្គ​រដ្ឋ ទូត​ហុងគ្រី​ម្នាក់ផង​។ ខេត្ត​កណ្តាល​ចំនួន​៦៧​នាក់ ខេត្តពោធិសាត់​ចំនួន​៤០​នាក់ ខេត្តព្រៃវែង​ចំនួន​
២៣ នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។​
២.​សម្រាប់​ថ្ងៃ​២១​វិច្ឆិកា​២០២០ គឺ​ខេត្ត​កំពង់ឆ្នាំង​ចំនួន​១១​នាក់​។​
៣.​សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្ត​កំពង់ចាម​ចំនួន​១​នាក់​។​
៤.​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះវិហារ​ចំនួន​២០​នាក់ ខេត្តរតនគិរី​ចំនួន​១០​នាក់​។​
​សូម​រំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​បងប្អូន​កំពុង​ធ្វើ​ចត្តា​ឡី​ស័កដែល​មិនទាន់​ដល់​ថ្ងៃ​ត្រូវ​បញ្ចប់​ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ឱយ​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក​ឱយបាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការតម្រូវ​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ឡើង​វិញ ព្រោះ​ផ្នែក​សុខាភិបាល​កំណត់​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​យក​សំណាក​ដំបូង​មក​ធ្វើ​តេស្ត​។​

ការ​ដែល​យើង​អាច​ប្រកាស​បិទ​បញ្ចប់​បាន គឺ​នៅ​ត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១៨០២​នាក់​នៅ​តាម​រាជធានី ខេត្ត​ចំនួន​១១ ដែល​មាន​ការពាក់ព័ន្ធ​ការ​ធ្វើ​តេស្ត​និង​ការធ្វើ​ចត្តា​ឡី​ស័​កបានត្រឹមត្រូវ​រយៈ​ពេល​១៤​ថ្ងៃ ដែល​បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សុខាភិបាល​។​

​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ពិតជា​ធំធេង​នឹង​ស្មុគ្រស្មាញ​ក្នុង​ការស្វែងរក​អ្នកជា​ប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់ មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជាច្រើន​ដែល​លំបាក​ដល់​ការស្វែងរក​។ ប៉ុន្តែ​ដោយ ការដឹកនាំ​ត្រឹមត្រូវ មាន​ការខិតខំ មាន​សាមគ្គីភាព​និង​សហកា​រណ៍​ល្អ​យើង​អាចធ្វើ​បាន​ដោយ​រក​ឃើញ​គ្រប់​មនុស្ស​ពាក់ ព័ន្ធ​មិនឱ្យ​បាត់ដាន​ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង​។​

បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេល​នេះ​ក៏​ដូចជា​ពេល​កន្លងមក​គឺ​ស្ថិតនៅ​លើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹង​មាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែល​មាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​។​

ឆ្លៀត​យក​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួអង្គ​ពាក់ព័ន្ធ ពិសេស​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​ហ៊ាន ប្រឈម​ចំពោះ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​។ ខ្ញុំ​សូម​ផ្ញើ​ជូន​នូវ​ការគោរព និង​ថ្លែង អំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត​ដោយ ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់​។​

ខ្ញុំ​ក៏​សូម​អរគុណ​ផងដែរ​ដល់​បងប្អូន​ដែល​ជាប់​ពាក់​ពន្ធ័​ទាំង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់​ដោយឡែក​រយះពេល​១៤​ថ្ងៃ​តាម ល័ក្ខខណ្ឌ័​តម្រូវ​នៃ​ការ​ធ្វើ​ចត្តា​ឡី​សក័​។​
​បងប្អូន​ជនរួមជាតិ​ជាទីគោរព​! ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​មិនមែន​មានន័យថា​យើង​បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយកូ​វីដ​១៩​នោះទេ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន​ដើម្បី​ទប់ស្កាត់​ឃាដករ​លាក់​មុខ​ដែល​យើង​មើល​មិន​ឃើញ​តាមរយៈ​ការពាក់​ម៉ាស ការលាង​ដៃ​ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ត្រូវ​ចង​ចាំ​ថា ប្រជាជន​ក្នុង​លោក​និយាយ​ជា​រួម​នឹង​ប្រជាជន​កម្ពុជា​និយាយ​ដោយឡែក​ស្អប់​កូវី​ដ​១៩​ខ្លាំងណាស់ តែ​កូវី​ដ​១៩​មិន​ត្រឹមតែ​មិន​ស្អប់​យើង​វិញ​នោះទេ តែ​វា​ថែម​ទាំង​ស្រឡាញ់​យើង​ទៀត​ផង​ដែល​ការស្រឡាញ់​របស់​វា​មក​លើ​យើង​នឹង​ធ្វើឱ្យ​យើង​ស្លាប់​ឬ​ខូចខាត​សុខភាព​តែប៉ុណ្ណោះ​។​

ត្រូវ​ចង​ចាំ​ថា​ការ​ដែល​កម្ពុជា​មាន​មនុស្ស​ឆ្លង​តិច​នឹង​មិន​មាន​មនុស្ស​ស្លាប់​មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ​ដែល​មាន​ឈាមក្រហម​ពិសេស​អាច​ប្រឆាំង​ជាមួយកូ​វីដ​១៩​បាន​ដូច​មនុស្ស​ខ្លះ​បាន​អះអាង​នោះ​ទេ (​ខ្ញុំ​សង្ឃឹមថា​អ្នក​អះអាង​បែបនេះ នឹង​មាន​សេចក្តីក្លាហាន​ពិតប្រាកដ​ចូលទៅ​បំរើ​អ្នក​កើតកូ​វីដ​១៩ ដោយ​មិន​មាន​សំភារៈ​ការពារ​ខ្លួន តើ​ឆ្លង​ឬ​មិន​ឆ្លង​?​ដើម្បី បាន​ជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យាស្ត្រ​ផង​នឹង​ដើម្បី​កូន​ខ្មែរ​ដែល​មាន​ឈាមក្រហម​ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង​។​ប្រសិន​ជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក​ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា​ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នង​លោក​) ។​ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ​ដែល​ធ្វើឱយ​កូវី​ដ​១៩ មិន​អាច​ឆ្លង ចូល​បាន​នោះដែរ​។​

ជោគជ័យ​របស់​យើង​បានមក​ពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ដែល​មាន​ក្រសួង​សុខាភិបាល ពិសេស​ក្រុម​គ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព​នឹង​សំខាន់ ជាង​ទៀត​គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្តន៍​នូវ​វិធានការណ៍​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដោយ​ក្រសួង សុខាភិបាល ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជន រួម​ជាតិ​គ្រប់រូប នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ព្រម​ទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា សំភារៈ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​។​

យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ឱយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ ព្រមទាំង​ធ្វើឱ្យ​សភាព​ការ​គ្រប់​ផ្នែក​គ្រប់​វិស័យ​វឹល​ទៅ រក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិច្ឆកា​ឡើងវិញ តែ​ការប្រយុទ្ធ​ជា​មួយកូវីត​-១៩​នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើង​ទាំង អស់​គ្នា​ដដែល​។​

ព្រឹត្តិការណ៍​៣​វិច្ឆកា​បាន​បង្រៀន​យើង​បាន​រំលឹក​យើង បាន​ដាស់តឿន​យើង​និង​បាន​ណែនាំ​យើង​ឱយ​មាន​ការ​ប្រុង​ប្រយ័ត​ជា និច្ច​ទើប​អាច​យកឈ្នះ​លើកូ​វីដ​១៩​បាន​។​ត្រូវ​ម្ចាស់​ការទប់ស្កាត់​ជាមុន​តាម​វិធី​ការពារ​ប្រសើរ​ជាង​ការ ព្យាបាល​។​

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *