ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ក្រសួង ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងការពារ​លេខ​៤០២, ៤០៣ និង​កងទ័ពជើងគោក យោធភូមិភាគ​ទី​៤

​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ក្រសួង ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងការពារ​លេខ​៤០២, ៤០៣ និង​កងទ័ពជើងគោក យោធភូមិភាគ​ទី​៤ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង ឧត្តរមានជ័យ ដោយ​មាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ លោក​ឧត្តមសេនីយ៍ត្រី លួស ឡា​ញ់ នាយសេនាធិការ​រង​យោធភូមិភាគ​ទី​៤ នៃ​កងការពារ ព្រំដែន​គោក ៤០២ មេបញ្ជាការ​ប្រចាំ​ទិស​ទី​៣ សំរោង លោក​វរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៤០២ និង​លោក​វរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៤០៣ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងការពារ​ព្រំដែន​ជាច្រើន​រូប​ទៀត​។

​ថ្លែង​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ពិតជា​មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​មកជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ផ្ទាល់​ជាមួយ​បងប្អូន​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងការពារ​ព្រំដែន លេខ​៤០២, ៤០៣ និង​កងទ័ពជើងគោក យោធភូមិភាគ​ទី​៤ ដើម្បី​ផ្ដល់​ការគាំទ្រ​លើកទឹកចិត្ត ព្រមទាំង​ឧបត្ថម​ជា​សម្ភារ និង​ថវិការ​មួយចំនួន​ដល់​បងប្អូន​កងកម្លាំង​ការពារ​ព្រំដែន​របស់​យើង​ដែល​ឈរជើង​នៅ​សមរភូមិ​ជួរមុខ និង​ដើម្បី​បង្ហាញ​អំពី​ភាពរួបរួម​គ្នា​ជា​ធ្លុង​មួយ​ដ៏​រឹងមាំ​នៃ​ខឿន​ការពារជាតិ​របស់​កម្ពុ​ជា​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ដូចជា​សម្តេច​មហា​ប​វរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​យុទ្ធជន​ទាំងអស់គ្នា ហើយ​ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​វីរភាព​របស់​កងទ័ព និង​គ្រប់​បណ្តា​កងកម្លាំង​ឈរជើង​ការពារ​ព្រំដែន​ទាំងអស់ ដែល​បាន​លះបង់​យ៉ាង​ធំធេង​ទាំង​សាច់ ស្រស់ ឈាម​ស្រស់ និង​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់ ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ​របស់​យើង​។​

​ជាទី​បញ្ចប់​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​កង​ទ័ព និង​កងការពារ​ព្រំដែន​ទាំងអស់ ថែរក្សា​សុខភាព និង​បន្ត​ពង្រឹងស្មារតី​ឱ្យបាន​ខ្ជាប់ខ្ជួន​ក្នុង​កិច្ច​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ដើម្បី​សេចក្ដីសុខក្សេមក្សាន្ត របស់​ប្រទេសជាតិ​យើង និង​សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ព្យាយាម​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព មិន​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់អាវុធ ឬ​សង្គ្រាម​នោះឡើយ ហើយ​យើង​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា នយោបាយ​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច ដែល​តែងតែ​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍ និង​យក​បញ្ហា​ព្រំដែន​ជា​របៀបវារៈ​បម្រើ​នយោបាយ​ទុច្ចរិត​របស់ខ្លួន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *