​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឃាត់ រថយន្ត​ដឹក​លើស​ទម្ងន់ កម្រិត​កំណត់ ចំនួន ៣២​គ្រឿង តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦០ ក្នុង​ខេត្ត​កំពង់ចាម​

​ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ក្នុង​ភូមិសាស្ត្រ​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ក្រុមការងារ​ជញ្ជីង​ចល័ត និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​ស្រូវ ដំឡូង ចំណី​សត្វ ស្វាយ និង​ជ័រកៅស៊ូ ចំនួន​៣២​គ្រឿង ដោយ​បាន​រកឃើញ​រថ​យន្ត​ចំនួន ២៩​គ្រឿង ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ក្នុង​នោះ​រថយន្ត​ចំនួន ២៦​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ពី ៥% ទៅ ២០% និង​រថយន្ត​ចំនួន ៣​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០%​។​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ ក្នុង​ចំណោម​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង ២៩​គ្រឿង​នោះ រថយន្ត ២៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ៥% ទៅ ២០% នឹង​ត្រូវ​រើ​ឥ​វ៉ាន់​ចេញ ហើយ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់​។ ដោយឡែក​ចំពោះ​រថយន្ត ៣​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០% នឹង​ត្រូវ​បង់ពិន័យ និង​ឃាត់​រថយន្ត​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​មាត្រា ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

គួរបញ្ជាក់​ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០៤៩ ស​ជណ​.​សក​.​គ​ត​លទ ស្តី​ពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ដោយ​ការ​រឹតបន្តឹង​នេះ​បាន​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​អំពី​ច្បាប់​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​) និង​សំណូមពរ​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់ សហគ្រាស​និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទាំងអស់​ចូលរួម​សហការ​អនុវត្ត​ច្បាប់​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ចៀសវាង​មហន្តរាយ​ដល់​ផ្លូវជាតិ (​ឆាប់​ខូច​មុន​អាយុកាល​) និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *