(ខេត្តឧត្តរមានជ័យ) ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ដែលបានស្ម័គ្រចិត្តទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងគ្រួសារ។ បើទោះបីជា កងទ័័ព និងគ្រួសារមួយចំនួនតូច មិនអាចចាក់វ៉ាក់សាំងបានក្តី តែដោយសារលក្ខខ័ណ្ឌសុខភាពដែលសុខាភិបាលមិនតម្រូវអោយចាក់។
ឧត្តមសេនីយ៍ទោ នាង ឃីម បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលការចូលរួមពីសំណាក់ មេបញ្ជាការរង នាយ-នាយរងការិយាល័យ មេបញ្ជាការវរសេនាតូច និងបណ្តាលអង្គភាពចំណុះអោយកងពល។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអំពាវនាវអោយគ្រប់ស្ថាប័នទូទាំងប្រទេស ក៏ដូចជាបទបញ្ជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានជម្រុញអោយកងទ័ពយើងទៅទទួលការចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ហើយចំពោះអ្នកមិនទាន់បានទទួលការវ៉ាក់សាំងត្រូវស្វែងរកកន្លែងចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា ដើម្បីការពារខ្លួនឯងផង និងការពារក្រុមគ្រួសារផង។ ទាំងនេះហើយ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិចំពោះកងទ័ព កងកម្លាំង និងគ្រួសារ នៅទូទាំងប្រទេស និងនៅតាមបន្ទាត់ព្រំដែន។
ឧត្តមសេនីយ៍ទោ នាង ឃីម បានស្នើរដល់គ្រប់បណ្តាលអង្គភាព មេបញ្ជាការត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្រង់ទិន្នន័យអោយបានច្បាស់លាស់ចំពោះកងទ័ព និងគ្រួសារ ដែលបានចាក់ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវស្វែងរកទីកន្លែងចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា។ ហើយជាពិសេសផ្សព្វផ្សាយអនុវត្តនូវវិធានការអនុសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំនិងវិធានការណែនាំក្រសួងសុខាភិបាល ជាប្រចាំ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងអង្គភាពខ្លួន ឬនៅក្នុងមូលដ្ឋានជុំវិញ អង្គភាពកំពុងឈរជើង។