សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” បានប្រព្រឹត្តទៅនាខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត, ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម-លោកជំទាវ អភិបានរងខេត្ត ព្រមទាំង តំណាងអង្គភាព-ស្ថាប័ន,មន្ទីរជំនាញ, ក្រុង-ស្រុក និង ឃុំ-សង្កាត់ ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់ សរុបចំនួន ៨៧ នាក់។
បន្ទាប់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានមតិស្វាគមន៍រួចមក។ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ បានមានប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់យន្តការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធភាពខ្ពស់ ឈានទៅសម្រេចគោលបំណងរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសដែលបង្កឱ្យមានគុណវិបត្តិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ព្រមទាំងពង្រឹង និងបង្កើនជំនឿចិត្តលើកិច្ចការងារសវនកម្មរបស់អាជ្ញាធរសវនកម្មជាតិ ពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិ ចំពោះការត្រួតពិនិត្យ ទៅលើការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធាណៈ របស់រាជរដ្ឋាភិបាលប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និង មានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និង ចម្លងជូនរាជរដ្ឋាភិបាល។ លើសពីនេះ អាជ្ញាធរសវនកម្មជាតិ ក៏ជាស្ថាប័នសវនកម្មកំពូលដែលមិនអាចខ្វះបានក្នុងបរិបទ នៃប្រទេសកម្ពុជា ដែលជាប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ហេតុដូច្នេះហើយ, ទើបតម្រូវឱ្យអង្គភាពរងសវនកម្មទាំងអស់ ចាំបាច់ត្រូវបន្តសហការជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងអភិបាលកិច្ចល្អលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កែលម្អកំហុសឆ្គង និងបំពេញរាល់កង្វះខាតសំដៅជំរុញឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធផលខ្ពស់។
ក្នុងអង្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញស្តីពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជណាចក្រកម្ពុជា” ដោយកំណត់លើ៤ ចំណុច សំខាន់ៗ រួមមាន៖ ទី១.សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ, ទី២.ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣.ខ្លឹមសារនៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទី៤.ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធ, ក្រុង- ស្រុក, ឃុំ-សង្កាត់ និងអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងបានធ្វើការបកស្រាយ និងឆ្លើយបំភ្លឺនូវសំនួរមួយចំនួនដែលបានលើកឡើងដោយសិក្ខាកាម នៃអង្គសិក្ខាសាលា។
អង្គសិក្ខាសាលាបានបិទបញ្ចប់ បន្ទាប់ពី ឯកឧត្តម បណ្ឌិត អគ្គសវនកររង បានមានប្រសាសន៍បូកសរុប និងវាយតម្លៃលើលទ្ធផល នៃការប្រព្រឹត្តទៅរបស់អង្គសិក្ខាសាលានារយៈពេល០២ព្រឹក កន្លងមកនេះ ព្រមទាំងស្នើឱ្យសិក្ខាកាមទាំងអស់ដែលបានចូលរួម យកចំណេះដឹងដែលទទួលបានពីអង្គសិក្ខាសាលា ទៅផ្សព្វផ្សាយបន្តប្រកដោយប្រសិទ្ធភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមបណ្តាស្ថាប័នីមួយៗ។