រាស្ត្រ​បាន​មិន​សុខ​ទេ​ចាំ​រង់​ទឹកភ្នែក​ទៅ ​អោយ​តែ​មាន​មេ​ភូមិ​ដូច​លោក​ មឿង ​ឃុន ​នេះ​!

(​ខេត្ត​កោះកុង​) ៖ ប្រជាពលរដ្ឋ​ដែល​រស់​ភូមិ​ជី​ត្រេះ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ជា​បន្តបន្ទាប់​ដោយសារ​លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​តាម​ធ្វើទុក្ខបុកម្នេញ​ទៅលើ​រាស្ត្រ​ស្លូតត្រង់​ជុំវិញ​រឿង​ដីធ្លី​ដោយ​មេភូមិ​រូប​នេះ​ប្រើ​តួនាទី​សំខាន់ៗ​៣​ស្នៀត​ក្នុងពេល​តែ​មួយ​ក្នុង​ផែនការ​រំលោភ​យក​ដី​រាស្ត្រ ។
​ទី​.១​គឺ​មេភូមិ​រូប​នេះ​ដើរ​គៀងគរ​ក្រុម​ឈ្មួញ​មក​យក​ដី​ពលរដ្ឋ​ស្រស់ៗ​ដើម្បី​ចែក​គ្នា ។
​ទី​.២​លោក​មេភូមិ​ចាំ​ស៊ីញ៉េ​អោយ​ក្រុម​ឈ្មួញ​ដើម្បី​ទទួលស្គាល់ថា​ជា​ដី​ស្របច្បាប់​និង​បង្កើត​សេនារីយោ​ដោយ​អោយមាន​តួអង្គ​ទិញ​ដី​និង​តួអង្គ​លក់​ដី​តាម​ការរៀបចំ​ក្បាច់​គន់ ។
​ទី​.៣​លោក​មេភូមិ​ចាំ​ជំទាស់​ពលរដ្ឋ​ទាំងឡាយណា​ដែល​ស្នើ​សុំ​ចេញ​ប្លង់​កាន់កាប់​ដី​រឺ​លក់​នោះ​គឺ​លោក​មិន​ស៊ីញ៉េ​អោយ​ជាដាច់ខាត​ប្រសិនបើ​មិន​ព្រម​កាត់​ដី​ដែល​ខ្លួន​អាស្រ័យ​ផល​នោះ​ទៅអោយ​ក្រុម​បក្សពួក​គេ​ទៅ​តាម​ចំនួន​ការទាមទារ​នោះទេ​គឺ​ដី​ពលរដ្ឋ​ទាំងអស់​នោះ​មិន​អាច​ចេញ​ប្លង់រឺ​លក់ដូ​បាន​ឡើយ ។

​ជាក់ស្តែង នៅ​ពេល​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ឈ្មោះ អេង វណ្ណា បាន​អំពាវនាវ​ដល់​លោកជំទាវ មិថុនា ប៊ូ​ថង អភិបាល​ខេត្ត​កោះកុង​ជួយ​រក​យុត្តិធម៌​រឿង​ដីធ្លី​របស់​គាត់ ដែល​មាន​ដី​ចំនួន​១០០×២០០​ម៉ែត្រ​នៅ​ចំណុច​ចុង​ថ្នល់​ភូមិ​ជី​ត្រេះ​ឃុំ​អណ្តូងទឹក​ស្រុក​បទុម​សាគរ​ខេត្តកោះកុង​ត្រូវបាន​ក្រុម​ឈ្មួញ​រំលោភ​យក ។

​អ្នកស្រី​បាន​រាបរាប់​ទាំង​ក្តុ​ក្តួល​ថា ដី​នៅ​ចំណុច​ខាងលើ​នេះ​អ្នកស្រី​ទិញ​ពី មាស សេម ក្នុងតម្លៃ​១៦០០$​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ ដោយ​កាលនោះ លោក មឿង ឃុន មិនទាន់​ធ្វើ​ប្រធាន​ភូមិ​ជី​ត្រេះ​ផង ។ ក្រោយមក​នៅ​ឆ្នាំ​២០២១ អ្នកស្រី​( អេង វណ្ណា )​មានបំណង​ចង់​លក់​ដី​នោះ ស្រាប់តែ​លោក មឿង ឃុន សុំ​ដី​អ្នកស្រី​ចំនួន​ក្បាលដី​១០×២០០​ម៉ែត្រ តែ​អ្នកស្រី​បដិសេធ​មិន​ព្រមអោយ ។ ស្រាប់តែ​ពេល​ថ្មីៗ​នេះ​ក៏​លេចមុខ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ម៉ា​ង ម៉ា​យូ​ដា មក​ប្តឹង​ទាមទារ​យក​ដី​ពី​គាត់​( អេង វណ្ណា )​ចំនួន​ក្បាល់ដី​ចំនួន​២៥×២០០​ដោយ​សំអាង​លើ​លិខិត​ទិញ​លក់​នៅ​ឆ្នាំ​២០០៨ ដោយ​មាន​ចុះហត្ថលេខា​លោក មឿង ឃុន មេភូមិ​ជី​ត្រេះ និង​មាន​សាក្សី​ឈ្មោះ​មាស​មុំ (​ដោយ​ឈ្មោះ​ពិតប្រាកដ​ឈ្មោះ​មាស​សាវើន​) ត្រូវជា​កូនស្រី​បង្កើត​របស់​លោក មាស សេម អតីត​ម្ចាស់​ដី​ដោយ​កាលនោះ​នាង​(​មាស​មុំ​)​ទើបតែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណុះ ។

​អ្នកស្រី អេង វណ្ណា បាន​បន្តថា​ក្រោយ​ពី​មានការ​ប្តឹងផ្តល់​គ្នា​រឿង​ដី​ចំនួន​២៥×២០០​ម៉ែត្រ​នោះ​លោក​មឿង​ឃុន​បាន​ជំទាស់​ដី​របស់​គាត់​ចំនួន​៧៥×២០០​ផ្សេងទៀត មិន​អោយ​ចេញ​ប្លង់​ដើម្បី​លក់ដូរ​ឡើយ ។ បើ​ទោះបីជា​ក្រុម​ការងារ​ស្រុក​បទុម​សាគរ​បាន​ចាត់​មន្ត្រី​ជំនាញ​អោយ​វាស់វែង​រៀបចំ​ឯកសារ​ចេញ​ប្លង់​ក្តី​ក៏​លោក​មេភូមិ​ចិត្ត​លោភលន់​រូបនោះ​ជំទាស់​មិន​ស៊ីញ៉េ​ទទួលស្គាល់ដែរ ។ និង​បាន​ដាក់​លក្ខខ័ណ្ឌ​អោយ​ពលរដ្ឋ​ឈ្មោះ អេង វណ្ណា ប្រគល់​ដី​ចំនួន​២៥×២០០​ម៉ែត្រ​ទៅ​អោយ​ឈ្មួញ​ឈ្មោះ​ម៉ាង​ម៉ា​យូ​ដា​ដែល​គេ​ល្បី​ថា​មាន​ងារ​ជា​ជំទាវ​ផង​នោះ​និង​ត្រូវ​ជា​បក្សពួក​លោក​ភូមិ​សម្បូរ​ដោយ​កលល្បិច​រូប​នេះ​ទើប​គេ​ព្រម​ចុះ​ហស្ថលេខា​អោយ ។ លោក មាស សេម អតីត​ម្ចាស់​ដី​ខាងលើ​បាន​ទទួលស្គាល់ថា​ពិតជា​ធ្លាប់​បាន​លក់​ដី​ទៅអោយ​ឈ្មោះ អេង វណ្ណា ប្រាកដ​មែន​ចំនួន​៧៥×២០០​ប៉ុណ្ណុះ​
​ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ​លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​លោក​ថា ជាប់រវល់​និង​សុំ​មិន​ធ្វើ​ការបកស្រាយ ។ ចំណែក​ឈ្មោះ​ម៉ាង​ម៉ា​យូ​ដា​ជា​ភាគី​ជម្លោះ​ដី​នោះ​និង​មាន​ងារ​ជា​ជំទាវ​ផង​ក៏​មិនអាច​សុំ​ការបកស្រាយ​បានដែរ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។

​រឺឯ​លោក ឃៀង យិង មេឃុំ​អណ្តូងទឹក​បានបញ្ជាក់​ថា​បញ្ហា​នេះ​ផុតដៃ​លោក​ហើយ​និង​បាន​បញ្ជូន​ទៅ​ស្រុក​អស់ហើយ​ដែរ ។

​តែ​យ៉ាងណាក៏ដោយ លោក ក្រូច បូរី​សីហា អភិបាលរង​ស្រុក​បទុម​សាគរ​ទទួលបន្ទុក​ដីធ្លី​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ​ថា​រឿង​ទំនាស់​ដី​នេះ​លោក​ទុក​អោយ​ភាគី​ទាំងសងខាង​ដោះស្រាយ​គ្នា​បញ្ចប់​សិន​ទើប​ខាង​ស្រុក​ចេញ​ប្លង់​អោយ​ព្រោះ​ការវាស់វែង​ជា​ប្រព័ន្ធ​មិន​ទាន់​ហួសពេល​ឡើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *