ដី​ពលរដ្ឋ​អាស្រ័យ​ផល​ជិត​បួន​ទសវត្ស​ត្រូវ​ជាប់​បំរាម​ថា​ជា​ដី​របស់​រដ្ឋ​

(​ខេត្ត​កែប​) ៖ ប្រជាពលរដ្ឋ ៧ គ្រួសារ​ជា​ម្ចាស់​ដី​និង​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេង​រស់នៅ​ភូមិ​ផង​របង​ជាមួយ​ផ្ទុះ​ការតវ៉ា​ខណៈ​ពេល​កម្លាំង​គនរ​បា​ល​នៃ​ស្នងការ​រដ្ឋា​ន​ខេត្ត​កែប​ចុះទៅ​អនុវត្ត​ការរុះរើ​របង​ដី​នៅរ​ព្រឹក​ថ្ងៃទី​៧​ខែ​កញ្ញា​ឆ្នាំ​២០២១​ដែល​ស្ថិតនៅ​ភូមិ​អំ​ពេញ​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​តែ​ប្រតិបត្តិការ​នោះ​ត្រូវ​បរាជ័យ​។​

​លោកយាយ យិត ញ៉ អាយុ​៧៥​ឆ្នាំ ជា​ពលរដ្ឋ​អាស្រ័យ​លើ​ដី​នោះ​តាំង​ឆ្នាំ​១៩៧៩ មក និង​បាន​ចែក​អោយ​កូនៗ​កាន់កាប់​បន្ត មកដល់​បច្ចុប្បន្ន បាន​រៀបរាប់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​តាំង​ពី​កូនៗ​នៅ​តូចៗ ដោយ​បាន​អាស្រ័យ​ដោយ​កាប់​ដើ​មចាក លើ​ដី​នោះ​យកទៅលក់ ដើម្បី​ចិញ្ចឹមជីវិត​ចាប់​តាំងពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​ពល​ពត​ដួលរលំ​មក គាត់​និង​កូនៗ​រស់នៅ​ដោយ​សុខ​សន្តិភាព​ក្រោយ​ការដឹកនាំ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ។ តែ​មិន​ស្មាន​ដល់​ថា ពេល​ថ្មីៗ​នេះ​ក៏​មាន​កម្លាំង​នគរបាល​មកអោយ​គាត់​រុះរើ​របង​ចេញពី​ដី​ដោយ​អះអាង​ថា​ដី​នោះ​គេ​មាន​ប្លង់​កម្ម​សិទ្ធ​គេ​លក់​អស់ហើយ ។ និង​មាន​សមត្ថកិច្ច​ខ្លះទៀត​ថា គាត់​រំលោភ​យក​ដី​រដ្ឋ​និង​បង្ខំ​អោយ​រុះរើ​របង​ចេញ​។​

​អ្នកស្រី អ៊ីវ ផេន ត្រូវជា​កូន​ម្នាក់​ក្នុងចំណោម​កូន​ចំនួន ៧ នាក់ ដែល​ទទួល​ដី​កេរ្តិ៍ ពី​លោកយាយ​ខាងលើ​បាន​បញ្ជាក់ថា​ដី​ដែល​គេ​ព្យាយាម​រំលោភ​យក​សព្វថ្ងៃ​មាន​ចំនួន​ជាង​កន្លះ​ហិកតា​ប៉ុណ្ណោះ គាត់​បាន​អាស្រ័យ​ផល​ត​ពី​ម្តាយ​ជាង ៣០ ឆ្នាំ មកហើយ រហូត​មក​ដោយ​មិន​មាន​អ្នកណា​មក​ហាមឃាត់​ឡើយ ។​

​ស្រាប់តែ​នៅ​ឆ្នាំ​២០២០ មាន​បុរស​ម្នាក់​ឈ្មោះ​ត្រេ​វរស់​ភូមិទួល​ស្រង៉ាំ​មក​សុំ​ទិញ​ក្នុង​តម្លៃ​៥០០០​ដុល្លា ក្រោយ​មក​អោយ​តម្លៃ​១០០០០​ដុល្លា ក៏​ខាង​អ្នកស្រី​មិន​លក់​ទៀត ហើយ​បន្ទាប់​មក​អោយ​តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ​៥​ដុល្លា​ខាង​អ្នកស្រី​ក៏​ព្រម​លក់​តែ​ខាងគេ​អត់​ទិញ​វិញ​។​ហើយ​ក៏​ស្ងាត់​ទៅ ស្រាប់តែ​ក្នុង​ខែ​សីហា​ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​នេះ ខាង​សមត្ថកិច្ច​បាន​ចោទ​ក្រុមគ្រួសារ​អ្នកស្រី​(​អ៊ីវ​ផេន​)​និង​បងប្អូន​គាត់​ថា​បាន​បោះ​បង្គោលរបង​រំលោភ​យក​ដី​រដ្ឋ និង​អោយ​ផ្តិតមេដៃ​ទទួលស្គាល់​តែ​គាត់​អត់​ព្រម ។ បន្ទាប់​មក​ខាង​អធិការ​ស្រុក​ដំណាក់​ចង្អើរ​ហៅ​ប្តី​អ្នកស្រី​ទៅ​សួរនាំ​រឿង​ដី​ខាងលើ​តែ​មិន​សួរនាំ​បែ​ជា​អោយ​ពិនិត្យ​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​ទៅវិញ​តែ​លទ្ធផល​អវិជ្ជមាន​។​

​អ្នកស្រី អ៊ីវ ផេន បន្តថា ក្រោយពី​មាន​ការ​ធ្វើទុក្ខបុកម្នេញ​និង​តាម​រក​កំហុស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពី​សំ​ណា​ប៉ូលីស​ស្រុក​និង​ខេត្ត​។​ស្រាបតែ​មាន​បុគ្គល​ម្នាក់ទៀត​ឈ្មោះ​ម៉េង​សាំង​អ្នក​ធ្វើការ​នៅ​ភ្នំពេញ​មក​គំរាម​ថា​ដី​នេះ​គេ​អោយ​តម្លៃ​២០០០០​ដុល្លា​បើ​មិន​ព្រម​លក់​ដី​ខាងលើ​នេះ​ទេ​រឿង​នេះ​មិន​ចប់​ឡើយ​ព្រោះ​ដី​នេះ​គេ​បាន​លក់​អោយ​ជំទាវ​ម្នាក់​រស់នៅ​ខេត្ត​កែប​រួចទៅហើយ ។​

​លោ​អនុសេនីយ៍ឯក ស៊ី ផាន អធិការរង​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានអោយដឹង​ថា លោក​មក​នេះ​គឺ​យោង​តាម​បណ្តឹង​ពលរដ្ឋ​ផ្សេងទៀត​ជា​ម្ចាស់​ដី​ព្រោះ​គេ​មាន​ប្លង់​កម្ម​សិទ្ធ ។ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​ភាគី​ម្ខាង​ទៀត​ដែល​សមត្ថកិច្ច​បាន​អះអាងថា​មាន​ប្លង់​កម្មសិទ្ធិ​ថា​ជា​អ្នក​ណា​នោះ​ឡើយ​ព្រោះ​ឋិត​ក្នុង​ភាពអាថ៌កំបាំង ។​

​រីឯ​លោក ទិន បេន មេឃុំ​ស្តីទី​ឃុំ​អង្កោល​និង​លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បានអោយ​ក្រុម​ការ​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ថា​ចំពោះ​ការចុះអនុវត្ត​ខាងលើ​នោះ​ពួកគាត់​អត់​បាន​ដឹង​ទេ​ព្រោះ​ខាង​នគរបាល​គេ​អត់​ប្រាប់​ព្រោះ​គេ​ជា​ថ្នាក់​ខេត្ត​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ថ្លែងថា កម្លាំង​លោក​ទៅ​កន្លែង​ទីតាំង​ដី​នោះ​មិនមែន​ទៅ​រុះរើ​របង​ដី​ពលរដ្ឋ​ទេ គឺ​ទៅ​ដើម្បី​ការពារ​សន្តិសុខ ខ្លាចក្រែង​ភាគី​ជម្លោះ​ដី​នោះ​ផ្ទុះ​អំពើហិង្សា និង​យោង​តាម​បណ្តឹង​ពលរដ្ឋ​មួយ ។ ចំពោះ​រឿង​នេះ លោក​ថា​និង​ក៏​សាង​សំណុំរឿង​ទៅ​តុលា​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ទោះបី​យ៉ាងនេះក្តី​ក៏​ដោយ ពលរដ្ឋ​នៅក្នុង​ហេតុ​ការ​នោះ​បាន​ដាក់​ការសង្ស័យថា​ការអនុវត្ត​ច្បាប់​ខាងលើ​មាន​ភាពមិនប្រក្រតី​កំពុង​ឋិត​ក្នុង​វាំនន​ខ្មៅ​នៅ​ឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *