ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុន កងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១២ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងបំប៉នជំនាញការពារអាកាស នៃកងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានការចូលរួមដោយអភិបាលរងខេត្ត ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺនដំណើរការទៅបាន គឺដោយសារការជួយឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការយកចិត្តទុកដាក់ពីមេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍គន្លះសំខាន់ លើវិស័យហ្វឹកហ្វឺន សំដៅឱ្យកងទ័ព មានសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ចទទួលបានជោគជ័យ លើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ឯកឧត្តមបន្តថា វគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទមានរយពេល៦១ថ្ងៃ មានកម្មសិក្សាការីចំនួន ២១៥នាក់ ដែលបង្រៀនដោយក្រុមគ្រូយោធាចារ្យល្អៗ ដល់កងទ័ព ដើម្បីបង្កើននូវចំណេះដឹងដល់យោធិនគ្រប់រូប ឱ្យមានវិន័យ មានសេចក្តីថ្លៃថ្នូរ មានសមត្ថភាពខ្ពស់ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវប្រកបដោយសមត្ថភាព ក្នុងពេលបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់លើ ជាពិសេសពង្រឹងនូវកាយសម្បទាឱ្យបានរឹងមាំ បង្កើនស្មារតីឱ្យកាន់តែខ្លាំងខ្លា ក៏ដូចជាការចូលរួមអភិរក្សក្បាច់គុនបូរាណខ្មែរ និងដើម្បីឱ្យយោធិនទាំងអស់យល់ដឹងកាន់តែច្បាស់អំពីមេគុន ស្នៀតប្រយុទ្ធ ចេះប្រើប្រាស់អាយវុធទប់ទល់ ការវាយបករបស់ដៃគូប្រយុទ្ធ និងពិធីសាស្ត្រក្នុងការការពារពីចំណាត់ខ្មាំងសត្រូវ ដែលយកទៅអនុវត្តន៍មានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន ជាពិសេសសិក្ខាកាមហ្វឹកហ្វឺនដែលមកពីបណ្តាលកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ ហើយនេះជាលទ្ធិផល មួយផ្នែកនៃសារសំខាន់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ។
ឯកឧត្តមបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានផ្តល់ការយល់ដឹងពីបទពិសោធន៍ ចំណេះបន្ថែមក្នុងវិជ្ជាជីវៈ មានជំនាញច្បាស់លាស់ ដល់កងទ័ពឱ្យមានសមត្ថភាពប្រយុទ្ធ ក្នុងភារកិច្ចស្នូល របស់វិស័យការពារជាតិ។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ ដល់សិក្ខាកាម ដែលបានយកចិត្តទុកដាក់ខិតខំប្រែងគោរពអនុវត្តន៍បាននូវវិន័យសណ្ឋាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាពល្អ ការរៀបចំទីលានហ្វឹកហ្វឺន អង្គភាព និងក្រុមគ្រូយោធាចារ្យប្រកបដោយបទពិសោធធ្វើការបង្ហាត់បង្រៀនដល់យោធិន ដែលយើងសង្ឃឹមយ៉ាងមុតមាំថា ទៅថ្ងៃអនាគតនឹងក្លាយទៅជាយុទ្ធពូកែមានសមត្ថភាពដឹកនាំបន្តវេណ។