ឃាត់ខ្លួន​ឈ្មួញ​ឈើ​ម្នាក់ រួម​ទាំង​បក្សពួក​អ្នកបើក​បរ និង​ព្រូ​រថយន្ត​ពាក់ព័ន្ធ​បន្លំ​ដឹកឈើ​ថ្មី​ត្រាំ​ទឹក​ដំ​ដែកគោល និង​ក្លែង​ឯកសារ​រថយន្ត​ខុសច្បាប់​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័​យ​

ស្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​រកស៊ី​ឈើ​ជា​យូរ​ឆ្នាំ ដែល​តែងតែ​ដើរ​ទិញ​ឈើ​ថ្មី ដាក់​ត្រាំ​ទឹក រួច​ហើយ​ដំ​ដែកគោល​បន្លំ​ធ្វើ​ជា​ឈើ​ចាស់ ដើម្បី​ដឹក​ជញ្ជូន​បន្លំ​ភ្នែក​សមត្ថកិច្ច​ថា ជា​ឈើ​ផ្ទះ​ចាស់ ដែល​ត្រូវបាន​ឯកឧត្ដម​ព្រះរាជអាជ្ញា​ខេត្ត​ឧត្តរមានជ័យ បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន ព្រម​ទាំង​មនុស្ស​២​នាក់​ទៀត ដែល​ជា​តែ​កុង​រថយន្ត និង​ព្រូ​រថយន្ត​។​

​ការឃាត់​រថយន្ត​របស់​ស្ត្រី​ដែល​ជា​ឈ្មួញ​ឈើ​ថ្មី​ដំ​ដែកគោល​បន្លំ​ជា​ឈើ​ចាស់ បាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ល្បាត កាលពី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​លុង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​ចាស់​របស់​ឈ្មួញ​ឈ្មោះ ឆន សា​រ៉េ​ន ហៅ​អ៉ី​កុក ដែល​ជា​មុខសញ្ញា​ដឹកឈើ​ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​កន្លងមក​។ ទើប​សមត្ថកិច្ច​រាយការណ៍​ទៅ​ឯកឧត្ដម តូច ភក្តី ព្រះរាជអាជ្ញា​ខេត្ត​ឧត្តរមានជ័យ បញ្ជា​ឲ្យ​រថយន្ត​ឃាត់​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ ហើយ​សមត្ថកិច្ច​រក​ឃើញ​ពី​ភាពមិនប្រក្រតី​នៃ​ការដឹកឈើ​ចាស់​ជា​ប្រភេទ​ឈើ​ត្រាំ​ទឹក​ដំ​ដែកគោល ទើប​ឯកឧត្ដម​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​នាំ​យក​រថយន្ត​ដឹកឈើ​
​ទៅ​ដាក់​ស្នាក់ការ​អាវុធហត្ថ​លេខ​២០២​ប្រចាំ​ទិស​អូរ​កូនតឹង​ដែល​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ នឹង​ខេត្តសៀមរាប រងចាំ​ព្រឹក​ប្រគល់​ឲ្យ​ជំនាញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា លុះ​ព្រឹក​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​ប្រគល់​ឲ្យ​ជំនាញ ដោយ​មាន​ការដឹកនាំ​ត្រួតពិនិត្យ​ពី​លោក ម៉ៅ គីម​ហួរ ព្រះរាជអាជ្ញា​រង​ខេត្ត​ឧត្តរមានជ័យ ធ្វើ​ការទម្លាក់​វត្ថុតាង​ឈើ​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង ដែល​ត្រួតពិនិត្យ​រកឃើញថា ភាគច្រើន​សុទ្ធតែ​ជា​ឈើ​ថ្មី​ត្រាំ​ទឹក​ដំ​ដែកគោល ផ្ទុក​ក្នុង​រថយន្ត​មិន​ក្រោម​១៨​ម៉ែត្រគូប​នោះឡើយ​។ ហើយ​ក្នុងនោះ សមត្ថកិច្ច​បាន​រកឃើញ​ទៀតថា រថយន្ត​ដែល​ដឹកឈើ​បាន​ក្លែង​ឯកសារ​ខុសច្បាប់ ដោយ​ប្រភេទ​រថយន្ត​ម៉ាក​HINO ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ​ពាក់​ស្លាក់​លេខ ស្វាយរៀង ៣A -១១៥៤ រីឯ​កាតគ្រី​ពាក់​ស្លាក់​លេខ​ស្វាយរៀង ៣A-០៨៥៤ ដែល​ខុស​ប្រក្រតី ទើប​ឯកឧត្ដម ទូច ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ បាន​អន្តរាគមន៍​ឲ្យ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ស្ត្រី​ជា​ឈ្មួញ​ឈើ រួម​នឹង​មនុស្ស ២​នាក់​ទៀត ជា​តៃកុង និង​ជា​ព្រូ​រថយន្ត យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​ជា​ឈ្មួញ​ឈើ​ឈ្មោះ ឆន សា​រ៉េ​ន ហៅ​អ៉ី​កុក និង​បក្សពួក ព្រម​ទាំង​រថយន្ត សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ខេត្ត​ឧត្តរមានជ័​យ នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១​។​

​គួរបញ្ជាក់​ថា ស្ត្រី​ជា​ឈ្មួញ​ឈើ​ឈ្មោះ ឆន សា​រ៉េ​ន​ហៅ​អ៉ី​កុក អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ប្តី​ឈ្មោះ ផេង ជឹម ត្រូវបាន​តំណាង​អយ្យការ​ខេត្តតាកែវ ចេញ​ដីកា​ឲ្យចូល​សវនាការ​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកឈើ​ខុសច្បាប់​លក់​ឲ្យទៅ​ដេប៉ូ​ឈ្មោះ ហេង ឌី នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​ស្ត្រី​ជា​ឈ្មួញ​ឈើ​បាន​ប្រើប្រាស់​រូបភាព​បន្លំ​សមត្ថកិច្ច​ដដែល ដោយ​យក​ឈើ​ថ្មី​ត្រាំ​ទឹក​រួចហើយ​ដំ​ដែកគោល ដឹកយក​ទៅ​លក់​ឲ្យ​ដេប៉ូ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ ត្រួតពិនិត្យ​រកឃើញ​បទល្មើស ហើយ​រឹបអូស​បាន​វត្ថុតាង​ឈើ និង​រថយន្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្ត​តាកែវ​។​PB241021

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *