(ឧត្តរមានជ័យ)៖លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក តូច សុភក្តី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ មកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងខេត្ត។
លោក អ៊ុំ ចាន់ថុល បានថ្លែងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៍ ថ្នាក់ដឹកនាំអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។
លោកប្រធានសាលាដំបូងថ្លែងបន្តថា៖ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋខ្មែរដែលបានភៀសសឹក ទៅកាន់មណ្ឌលសុវត្ថិភាពតាមទីតាំងផ្សេងៗ គេចពីគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពសៀម។
លោក អ៊ុំ ចាន់ថុល បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ក៏ដូចជាសប្បុរសជនលោក ទា គឹមឡាង និងក្រុមគ្រួសា មកពីខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា ធនធាន ថវិកា ចូលរួមចែកអំណោយជូនវីរកងទ័ពនាពេលនេះ៕