ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះមានសេចក្ដីរាយការណ៍មកថា នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មានការនាំធ្យូងឆ្លងដែនទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេងតាមច្រកទ្វាជាំ ដោយមានការបើកចំហរពីសំណាក់ប៉ុស្ដ៍នគរបាលអន្តោប្រវេសន៍ ដែលមានលោក យូ សុធារឹទ្ធិ ជាមេប៉ុស្ដ៍ប្រចាំនៅទីនោះ។
តើការបើកចំហរនេះ វាបានប៉ះពាល់អ្វីខ្លះ ដល់ព្រៃឈើ? ហើយតើនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជ្រាបរឺទេ? ចំពោះបញ្ហានេះ? បើមិនមានការបើកភ្លើងខៀវ និងឃុបឃិតត្រូវរ៉ូវគ្នា រវាងលោក យូ សុធារឹទ្ធិ មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ជាំ និងក្រុមឈ្មួញជាច្រើននាក់ ការនាំធ្យូងចេញទៅលក់នៅប្រទេសថៃ ក៏មិនអាចនាំចេញបានឡើយ។
សេចក្ដីរាយការណ៍ បានបន្តថា ការបង្កើតទីផ្សារនាំធ្យូងចេញទៅប្រទេសថៃ ពីសំណាក់មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ជាំ បានកើតមានជាយូណាស់មកហើយ។
ក្រុមឈ្មួញដឹកធ្យូងឆ្លងដែន បានត្អូញត្អែថា ពួកគាត់បានបង់ប្រាក់អោយទៅសមត្ថកិច្ចអស់ច្រើនណាស់ គឺជិតស្មើ ការចំណេញរបស់ពួកគាត់ តែទោះជាយ៉ាងណា ក៏ត្រូវតែរកស៊ីដែរ ព្រោះវាជាជាងអត់បានអីសោះ។ ហើយក្រុមឈ្មួញដែលរកស៊ីដឹកធ្យូងមានរហូតដល់ជាង ១០នាក់ និងធ្វើការកៀរគរពលរដ្ឋ ដាក់ទុនជាច្រើនស្រុកនៅស្ទើទូរទាំងខេត្តឧត្ដរមានជ័យ អោយកាប់បំផ្លាញព្រៃឈើ ដើម្បីដុតធ្យូង និងធ្វើការនាំចេញទៅលក់អោយជនជាតិថៃ។
ក្រុមឈ្មួញបានបញ្ជាក់ថា បើមិនមានការចរចាជាមួយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ជាំ ទេនោះ គឺមិនមានការបើកផ្លូវអោយដឹកធ្យូងទៅលក់ក្នុងទឹកដីថៃបានឡើយ។
ការធ្វើអាជីវកម្មអត់ច្បាប់ វាបានបាត់បង់ប្រាក់ចំណូលថវិការរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសទៅទៀត គឺបាត់បង់ព្រៃឈើ ដែលនៅសេសសល់នៅក្នុងខេត្តភាគឧត្តរមួយនេះ។ បើឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនមានវិធានការ អោយបានទាន់ពេលវេលាទេនោះ ហាក់ដូចជាបណ្តែតបណ្តោយអោយមន្ដ្រីខិលខូចក្រោមឱវាទ ធ្វើអ្វីតាមទំនើងចិត្ត រលាយហិនហោចដល់ទ្រព្យសម្បត្តិជាតិ យ៉ាងធ្ងន់ធ្ងរ ។ជុំវិញករណីខាងលើក្រុមការងារយើង មិនទាន់ស្វែងរកសុំការបំភ្លឺពីលោកយូ សុធារឹទ្ធ មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ជាបានទេ នៅរសៀលថ្ងៃទីទី២៥ខែវិច្ឆិកាឆ្នាំ២០២១ដោយគ្មានលេខទូរស័ព្ទទាក់ទង៕
ដោយ ៖ ម្លប់សន្តិភាព