មានសេចក្តីរាយការណ៍នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១នេះថាទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅភូមិទំនប់អញ្ចាញ ឃុំអង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប នៅកំពុងដំណើរការយ៉ាងរលូន ជារៀងរាល់ថ្ងៃ ក្រោមការឃុបឃឹតបើកដៃពីសំណាក់សមត្ថកិច្ចក្នុងខេត្តសៀមរាប ដែលផ្ទុយនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង។
កន្លែងជល់មាន់នៅកណ្តាលក្រុងសៀមរាប បានក្លាយជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ចាប់ពីក្រុងរហូតដល់ខេត្ត ទើបគេមិនហ៊ានបង្ក្រាប។ ក្រៅពីជល់មាន់ ក៏មានលេងល្បែង អាប៉ោង យុកគីរ លេងយ៉ាងគគ្រឹកគគ្រេង ដែលលេងភ្នាល់ស៊ីសងរាប់លុយម៉ឺនដុល្លាឯណោះជារៀង ហើយមានអ្នកញៀនល្បែងជាច្រើនអ្នកបានចាញ់លុយអស់ពីខ្លួន ហើយមានអ្នកខ្លះទៀត អស់ទាំងរថយន្ត និងគ្រឿងអលង្ការជាដើម។
តាមប្រភពអោយដឹងថា សមត្ថកិច្ច លោកអធិការក្រុងសៀមរាប លោក ដា ចំរើន លោកមេប៉េអឹមក្រុង លោកស្នងការ លោកមេប៉េអឹមខេត្ត និងអភិបាលខេត្តអាចពាក់ព័ន្ធនឹងផ្អែមមាត់ផ្អែមករ.ទទួលលាភសក្ការៈពីសង្វៀនជល់មាន់ខាងលើ។ ដែលគេដឹងថា មានមនុស្សម្នាក់ឈ្មោះ ភឹង ចន្ថារ៉េត ហៅបង១៦៨ ជាអ្នកប្រមូលថវិកាដាក់ជាកញ្ចប់ក្រោមតុប្រគល់អោយសមត្ថកិច្ច ចាប់ពីថ្នាក់ក្រុងរហូតដល់ខេត្ត។ អាចនិយាយបានថា មានការឃុបឃឹតជាលក្ខណៈប្រព័ន្ធអស់ហើយ ទើបគេហ៊ានលាក់បាំង និងមិនបង្ក្ក្រាប។
ដោយឡែកក៏នៅមានមនុស្សម្នាក់ទៀត ឈ្មោះ ភា កំពុងឈរជើងប្រចាំការ ដែលគេស្គាល់ច្បាស់ថា ជាអ្នករត់ការចរចារគ្រប់ស្ថាប័ន និងធ្លាប់ជាអ្នកឈរជើងកាងអោយទីតាំងបន់ល្បែងផ្សេងៗទៀត នៅក្នុងខេត្តសៀមរាបអស់រយៈពេលជាច្រើនឆ្នាំ តែបុគ្គលនេះ នៅគេចផុតពីសំណាញ់ច្បាប់នៅឡើយ៕